(ម៉ានីល)៖ ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទនេះ បានកើនឡើងដល់ជាង ១លានករណីហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៩២៩ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងដល់ ១,០០៦,៤២៨ករណី ខណៈចំនួនអ្នកស្លាប់សរុប ក៏បានកើនឡើងដល់ ១៦,៨៥៣នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ ៧០នាក់បានរាយការណ៍ថាស្លាប់។ រីឯចំនួនអ្នកជាសះស្បើយសរុប ក៏បានកើនឡើងដល់ ៩១៤,៩៥២ផងដែរ។

គួរបញ្ជាក់ថា ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសហ្វីលីពីន បានកើនឡើងដល់ជាង ១លានករណីក្នុងរយៈពេលតែជាង ០៣ខែប៉ុណ្ណោះ បន្ទាប់ពីករណីឆ្លងសរុប ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់ជាង ៥០០,០០០ករណី កាលពីថ្ងៃទី១៧ ខែមករាកន្លងទៅនេះ។ ករណីឆ្លង បានកើនឡើងគួរឱ្យកត់សម្គាល់នៅខែមីនា ជាហេតុនាំឱ្យរដ្ឋាភិបាលហ្វីលីពីន សម្រេចដាក់ទីក្រុងម៉ានីល និងខេត្តជាប់នោះចំនួន ៤ ដែលមានប្រជាជនរស់នៅជាង ២៨លាននាក់ឱ្យស្ថិតនៅក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរឹង ចាប់តាំងពីចុងខែមីនានោះមក៕