(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន បានអំពាវនាវឲ្យមានការរួមសាមគ្គីគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីអាចយកឈ្នះវិបត្តិជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

យោងតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House លោក មូន បានថ្លែងក្នុងកិច្ចប្រជុំមួយជាមួយ ក្រុមមន្រ្តីជាន់ខ្ពស់របស់លោកថា វិបត្តិជំងឺរាតត្បាតសកលដូចជា COVID-19 តម្រូវឲ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ ដោយសារប្រទេសមួយ មិនអាចយកឈ្នះវាដោយខ្លួនឯងបានឡើយ គឺទាល់តែប្រទេសដទៃទៀតរួបរួមគ្នាធ្វើយ៉ាងដូច្នោះ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បានកត់សម្គាល់ថា នៅចំពោះមុខនយោបាយអន្តរជាតិបច្ចុប្បន្ន វាពិបាកនឹងសម្រេចបានគោលដៅនេះ។ លោក មូន បានលើកឡើងដូច្នេះថា «ប្រទេសមួយៗ សុទ្ធតែបាននិយាយដូចគ្នាៗអំពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៅពេលដែលស្ថានការណ៍មិនទាន់យ៉ាប់យ៉ឺនសម្រាប់ពួកគេ ប៉ុន្តែប្រទេសខ្លះ ពេលស្ថិតក្រោមកាលៈទេសៈដែលរងសម្ពាធខ្លាំង បានទុករឿងទាំងនេះចោលមួយឡែកសិន»

គួរបញ្ជាក់ថា សម្រាប់ស្ថានការណ៍ COVID-19 នៅកូរ៉េខាងត្បូង ប្រទេសអាស៉ីខាងកើតមួយនេះ នៅតែបន្តរកឃើញករណីឆ្លងថ្មីៗខ្ទង់រយនាក់ ក្នុងមួយថ្ងៃៗដដែល ដោយចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ជិត១២ម៉ឺននាក់៕