(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវបានប្រកាសនៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ១១៣នាក់ទៀត ត្រូវបានរកឃើញនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ និងជាលើកដំំបូងបំផុតសម្រាប់ឡាវ ដែលមានករណីឆ្លងឈានចូលដល់ខ្ទង់ រាប់រយករណីនៅក្នុងមួយថ្ងៃបែបនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

មន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ នៅថ្ងៃចន្ទនេះទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១១៣នាក់នោះ ៥៤នាក់ត្រូវបានរាយការណ៍ចេញពីខេត្តចម្ប៉ាសាក់ (ភាគខាងត្បូងប្រទេស), ៣១នាក់នៅទីក្រុងវៀងច័ន្ទ, ១៣នាក់នៅខេត្តសុវណ្ណាកេត, ០៧នាក់នៅខេត្តបូកែវ, ០២នាក់នៅខេត្ត ឧត្តមសាយ, ០២នាក់នៅខេត្ត ផុតសាលី និង ០១ករណីរៀងៗខ្លួនរកឃើញនៅ ខេត្តសេកុង, សាយ៉ាបួរី, ទីក្រុងល្ហួងប្រាបាង និងខេត្តវៀងច័ន្ទ។

គួរបញ្ជាក់ថា ប្រទេសឡាវបានមើលករណីឆ្លងប្រចាំថ្ងៃច្រើនជាលំដាប់ គិតចាប់តាំងពីដើមសប្តាហ៍មុនមកម្ល៉េះ ដោយរលកថ្មីនេះបានផ្ទុះចេញ ពីករណីនាំចូលមកពីក្រៅប្រទេស។ គិតត្រឹមថ្ងៃចន្ទនេះ ឡាវមានករណីឆ្លង COVID-19 សរុប ៤៣៦ករណី ក្នុងនោះពុំមានករណីស្លាប់នោះឡើយ៕