(គូឡាឡាំពួ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃចន្ទនេះបាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca គឺមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ ០៣ថ្ងៃបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានទទួលវ៉ាក់សាំងនេះជាលើកដំបូង ដែលខ្លួនបានទិញតាមរយៈយន្តការ COVAX។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

ប្រទេសមួយចំនួន បានដាក់កំហិត ឬបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ជុំវិញលទ្ធភាពនៃទំនាក់ទំនងរវាងវ៉ាក់សាំងនេះ ជាមួយបញ្ហាកំណកឈាមដ៏កម្រ។ ប៉ុន្តែក្រុមហ៊ុន AstraZeneca បាននិយាយថា លទ្ធផលនៃការត្រួតពិត្យសុវត្ថិភាពនិងប្រសិទ្ធភាពនៅក្នុងចក្រភពអង់គ្លេស និងអ៊ឺរ៉ុបបានកត់សម្គាល់ថា វ៉ាក់សាំងរបស់ខ្លួនផ្តល់នូវការការពារខ្ពស់ ហើយអត្ថប្រយោជន៍របស់វាគឺធំជាងហានិភ័យ។

រដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៉ី លោក អេដាម បាបា (Adham Baba) បានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយតាមរយៈទូរទស្សន៍ថា «ខ្ញុំសូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca គឺមានសុវត្ថិភាព ហើយវានឹងត្រូវចាក់ជូនចំពោះអ្នកដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ»

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ជិត ២៧០,០០០ដូសជាលើកដំបូង កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងចំណោមវ៉ាក់សាំងសរុបជាង ១២.៨លានដូសដែលខ្លួនបានបញ្ជាទិញពីក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ដោយចំនួនពាក់កណ្តាល នឹងត្រូវទទួលបានតាមរយៈកម្មវិធី COVAX៕