(សិង្ហបុរី)៖ សិង្ហបុរី និងទីក្រុងហុងកុងបានព្រមព្រៀងគ្នាយក ថ្ងៃទី២៦ ខែឧសភា ខាងមុខនេះជាកាលបរិច្ឆេទ ចាប់ផ្ដើមអនុវត្តគោលការណ៍ធ្វើដំណើរ «ដោយពុំចាំបាច់តម្រូវ ឱ្យធ្វើចត្តាឡីស័ក ឬ ត្រាវែល បាបប៊ល (Travel Bubble)» រវាងភាគីទាំង២។ នេះបើតាមប្រភពពីក្រសួងដឹកជញ្ជូនសិង្ហបុរី ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

បើតាមក្រសួងដឹកជញ្ជូនសិង្ហបុរី ទីក្រុងហុងកុង និងប្រទេសសិង្ហបុរីបានត្រួតពិនិត្យឡើងវិញ លើការរៀបចំទាំងឡាយ និងធ្វើបច្ចុប្បន្នភាពបន្ថែមលើកិច្ចព្រមព្រៀង ក្នុងនោះរួមមានទាំងលក្ខខណ្ឌតឹងរ៉ឹង សម្រាប់អនុវត្តគោលការណ៍ធ្វើដំណើរ Travel Bubble ឡើងវិញ និងតម្រូវឱ្យផ្អាកគោលការណ៍នេះ នៅក្នុងករណីដែលការឆ្លង COVID-19 ជាសហគមន៍ផ្ទុះឡើងជាថ្មី។

គួរបញ្ជាក់ថា អនុវត្តគោលការណ៍ Travel Bubble ដំបូងឡើយត្រូវចាប់អនុវត្តកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែវាត្រូវផ្អាកដោយសារការកើនឡើងករណីឆ្លង COVID-19 នៅក្នុងទីក្រុងហុងកុង។ ការសម្រេចចិត្តដំណើការគោលការណ៍នេះឡើងវិញ ធ្វើឡើងបន្ទាប់ពីករណីឆ្លងក្នុងទីក្រុងហុងកុង និងសិង្ហបុរីមានការថយចុះគួរឱ្យកត់សម្គាល់ ខណៈពួកគេកំពុងបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19៕