(ព្រុចសែល)៖ មេដឹកនាំជាន់ខ្ពស់នៃសហភាពអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានថ្លែងប្រាប់កាសែតញូយ៉កថែមស៍ថា ជនជាតិអាមេរិកាំងទាំងអស់ ដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់ នឹងអាចធ្វើដំណើរមកកាន់ប្លុកនេះវិញ ចាប់ពីរដូវក្តៅខាងមុខ (រដូវក្តៅនៅអឺរ៉ុបចាប់ផ្តើមពីចុងខែមិថុនា ដល់ចុងខែកញ្ញា)។ នេះបើតាមការដកស្រង់ព័ត៌មាន នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយែន បានគូសបញ្ជាក់ថា សមាជិកទាំង ២៧ប្រទេសរបស់សហភាពអឺរ៉ុប គាំទ្រដោយឥតលក្ខខណ្ឌ ចំពោះការសម្រេចចិត្តខាងលើ ដោយជនជាតិអាមេរិកាំងណាក៏ដោយ ដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ត្រូវបានអនុម័តឲ្យប្រើដោយ និយ័តករឱសថអឺរ៉ុប (EMA) នោះនឹងអាចធ្វើដំណើរមកកាន់អឺរ៉ុបឡើងវិញ។

លោកស្រី Leyen បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «កន្លងមកនេះខ្ញុំបានមើលឃើញថា ជនជាតិអាមេរិកាំងបានប្រើប្រាស់វ៉ាក់សាំង ដែលអាជ្ញាធរអឺរ៉ុបផ្ទាល់ក៏បានអនុម័តផងដែរ... ប្រការនេះនឹងនាំទៅរកការអនុញ្ញាត (ជនជាតិអាមេរិកាំង) ឲ្យធ្វើដំណើរសេរីមកកាន់សហភាពអឺរ៉ុប»

យ៉ាងណាក៏ដោយក្រៅពីការបញ្ជាក់ថា «ចាប់ពីរដូវក្តៅឆ្នាំ២០២១» ថ្នាក់ដឹកនាំអឺរ៉ុបខាងលើនេះមិនបានបញ្ជាក់់ អំពីថ្ងៃកំណត់ជាក់លាក់នោះឡើយ នៃការបើកឲ្យធ្វើដំណើរសេរី ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួច មកពីសហរដ្ឋអាមេរិកនោះ។ សហភាពអឺរ៉ុបបានបិទការធ្វើដំណើរមិនចាំបាច់ ជាមួយសហរដ្ឋអាមេរិក អស់រយៈពេលជាងមួយឆ្នាំទៅហើយ ដែលជាវិធានការទប់ស្កាត់ ការឆ្លងរាតត្បាតដ៏អាក្រក់នៃជំងឺ COVID-19៕