(អឺរ៉ុប)៖ គណៈកម្មការអឺរ៉ុបបានដាក់ចេញនូវយន្តការការពារជនស៊ីវិលរបស់ខ្លួន ហើយកំពុងស្វែងរកការបញ្ជូនអុកស៊ីសែន និងឱសថទៅកាន់ប្រទេសឥណ្ឌា ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារ COVID-19 បន្ទាប់ពីទទួលបានការស្នើសុំពីទីក្រុងញូវដេលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១។

នាប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសឥណ្ឌាបាននិងកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង នៃជំងឺ COVID-19 ដោយមន្ទីរពេទ្យនៅទូទាំងប្រទេសពេញណែនតាន់តាប់ លែងមានអុកស៊ីសែន និងគ្រែសម្រាប់អ្នកជំងឺទៀតហើយ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានសរសេរនៅលើបណ្តាញសង្គម Twitter នៅថ្ងៃអាទិត្យនេះថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានការណ៍ជំងឺរាតត្បាតនៅក្នុងប្រទេសឥណ្ឌា។ យើងបានត្រៀមខ្លួនដើម្បីផ្តល់ជំនួយ»

គណៈកម្មការអឺរ៉ុបសម្រាប់ជំនួយមនុស្សធម៌លោក Janez Linarkic បានសរសេរនៅលើបណ្តាញសង្គម Twitter ផងដែរថា «គណៈកម្មការអឺរ៉ុបកំពុងសម្របសម្រួលជាមួយបណ្តាប្រទេសអ៊ឺរ៉ុប ដើម្បីត្រៀមផ្តល់ជំនួយអុកស៊ីសែន និងថ្នាំសម្កូវជាបន្ទាន់ (ទៅឲ្យឥណ្ឌា)»

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ជាង ៣០០,០០០ករណី ដែលជាកំណត់ត្រាអាក្រក់ថ្មីបំផុតមួយទៀត ទាំងសម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះផង និងពិភពលោកទាំងមូលផង។ ពោលនេះជាថ្ងៃទី៤ ហើយដែលបានបំបែកកំណត់ត្រាបែបនេះ។ ចំណែកឯចំនួនអ្នកស្លាប់ថ្មីវិញ មានរាប់ពាន់នាក់ក្នុងមួយថ្ងៃ។ ជាក់ស្តែងនៅថ្ងៃអាទិត្យនេះជាដើមមានរហូតដល់ជិត ៣ពាន់នាក់ក្នុងមួយថ្ងៃ៕