(កង់បេរ៉ា)៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក ភីតធឺ ឌូតតុន (Peter Dutton) បាននិយាយថាជម្លោះជាមួយចិនពាក់ព័ន្ធនឹងកោះតៃវ៉ាន់មិនគួរត្រូវបានបដិសេធ ចោលនោះទេ ហើយអូស្ត្រាលីនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីរក្សាសន្តិភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១។

លោក Peter Dutton ធ្វើការកត់សម្គាល់ខាងលើកំឡុងផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍ ABC នៅថ្ងៃអាទិត្យនេះ។ រដ្ឋមន្ត្រីការពារជាតិរូបនេះជឿជាក់ថាជម្លោះជាមួយ ចិនពាក់ព័ន្ធនឹងកោះតៃវ៉ាន់មានលទ្ធភាពអាចនឹងផ្ទុះឡើងដោយគេមិនត្រូវព្រងើយកន្ដើយ ឬបដិសេធចោលឡើយ។ លោក Peter Dutton បន្ថែមដូច្នេះថា៖ «ចិនមាន មហិច្ឆតាយ៉ាងច្បាស់ក្នុងការបង្រួបបង្រួមកោះតៃវ៉ាន់...យើងនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត រួមទាំងដៃគូនៅក្នុងតំបន់ដើម្បីរក្សាសន្តិភាព ខណៈគ្មាននរណាម្នាក់ចង់ឃើញ ជម្លោះរវាងចិន និងតៃវ៉ាន់កើតឡើងឡើយ»

គួរបញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីកំពុងមានភាពតានតឹងនឹងគ្នាយ៉ាងខ្លាំង ចាប់តាំងពីទីក្រុងកង់បេរ៉ាបានគាំទ្រសហរដ្ឋអាមេរិកក្នុងការស្នើឱ្យមាន ការស៊ើបអង្កេតស្វែងរកប្រភពដើម COVID-19 ក្នុងទីក្រុងវូហាន៕