(បាងកក)៖ សារព័ត៌មានថៃ The Nation បានចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១នេះថាអ្នកឆ្លង COVID-19 ចំនួន ២,៤៣៨នាក់ត្រូវបានរកឃើញ និងអ្នកជំងឺ ១១នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។

អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានរាយការណ៍ឲ្យដឹងទៀតថា គ្រែពេទ្យ និងគ្រឿងបរិក្ខាវេជ្ជសាស្ត្រជាច្រើនមុខ កំពុងតែស្ថិតក្នុងការខ្វះខាតយ៉ាងខ្លាំង ស្ថិតនៅចំពោះមុខករណីឆ្លងជាមធ្យម ១,៥០០ករណីក្នុងមួយថ្ងៃនេះ។ ទីក្រុងបាងកក, ខេត្តឈៀងម៉ៃ, សាមុតប្រាកាន និងឈុនបុរីនៅតែជាតំបន់ ដែលកំពុងផ្ទុះករណីឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេ។

គួរបញ្ជាក់ថា ក្រោយការបូកសរុបតួលេខឆ្លងថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃកើនដល់ ៥៥,៤៦០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៤០នាក់ និងជាសះស្បើយឡើងវិញជាង ៣១,១១៣នាក់ ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កើនឡើងដល់ជាង ២៤,២០៧នាក់៕