(រីយ៉ូ ឌឺ ហ្សាននេរ៉ូ)៖ ក្រសួងសុខាភិបាលប្រេស៊ីលបានរាយការណ៍អ្នកជំងឺស្លាប់ដោយសារ COVID-19 ៣,០៧៦នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ៣៨៩,៤៩២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១។

នៅក្នុងរយៈពេលដូចគ្នា ពោលគឺពេញមួយថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) អ្នកឆ្លង COVID-19 ចំនួន ៧១,១៣៧នាក់ក៏ត្រូវបានរាយការណ៍ផងដែរ ធ្វើឱ្យអ្នកឆ្លងទូទាំងប្រទេសកើនដល់ ១៤,៣០៨,២១៥នាក់ ខណៈ១២,៧៦៦,៧៧២នាក់បានជាសះស្បើយឡើងវិញ។

បើតាមក្រសួងសុខាភិបាលប្រេស៊ីល បច្ចុប្បន្នប្រទេសអាមេរិកឡាទីនមួយនេះមានអត្រាអ្នកស្លាប់ដោយសារ COVID-19 ចំនួន ១៨៥នាក់ ក្នុងចំណោមប្រជាជនមួយសែន នាក់ និងអ្នកឆ្លង ៦,៨០៩នាក់ ក្នុងចំណោមប្រជាជនមួយសែននាក់។ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ប្រេស៊ីលបានចាក់វ៉ាក់សាំងជូនប្រជាជន ៤១,០២៧,៥១៩នាក់ហើយ ដើម្បីប្រឆាំង COVID-19៕