(បាកដាដ)៖ មនុស្សយ៉ាងហោច២៤នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅក្នុងអគ្គិភ័យដ៏សន្ធោសន្ធៅឆាបឆេះមន្ទីរពេទ្យមួយដែលទទួលព្យាបាល អ្នកជំងឺ COVID-19 នៅក្នុងទីក្រុងបាកដាដ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរអ៉ីរ៉ាក់បានឱ្យដឹងថាអគ្គិភ័យខាងលើបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ នៅពេលធុងអុកស៊ីសែនមួយចំនួនស្រាប់តែផ្ទុះបង្កជាអគ្គិភ័យឆាបឆេះ មន្ទីរពេទ្យអាល់ ខទីប (al-Khatib) ដែលទទួលព្យាបាលអ្នកជំងឺ COVID-19។ អគ្គិភ័យនេះត្រូវបានពន្លត់មិនឱ្យឆេះរាលដាល ហើយអាជ្ញាធរបានជួយសង្រ្គោះអ្នកជំងឺ និងបុគ្គលិកសុខាភិបាល៩០នាក់។ តែភ្លាមៗមូលហេតុ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ខណៈអាជ្ញាធរកំពុងបើកការស៊ើបអង្កេត។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers អ៉ីរ៉ាក់បច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ១,០២៥,២៨៨នាក់ ក្នុងនោះស្លាប់ ១៥,២១៧នាក់ និងជាសះស្បើយ ឡើងវិញ ៨៩៧,៩៦៦នាក់៕