(ឡុងដ៍)៖ តួលេខផ្លួវការបានបង្ហាញថា នៅថ្ងៃសៅរ៍នេះ ចក្រភពអង់គ្លេសបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២,០៦១នាក់ និងករណីអ្នកជំងឺទើបតែស្លាប់៣២នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sky News នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

បើធៀបជាមួយការកត់ត្រាកាលពីថ្ងៃសុក្រសប្តាហ៍នេះ ចក្រភពអង់គ្លេសរកឃើញករណីឆ្លងថ្មី ២,៦៧៨នាក់ និងករណីស្លាប់៤០នាក់ ខណៈកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនឯណោះ ចក្រភពអង់គ្លេសរកឃើញករណីឆ្លងថ្មីៗ២,២០៦នាក់ និងករណីស្លាប់៣៥នាក់។ មកទល់ពេលនេះ ចំនួនសរុបនៃករណីឆ្លងនៅទូទាំងចក្រភពអង់គ្លេស បានកើនដល់៤,៤០៣,១៧០នាក់ ក្នុងនោះករណីស្លាប់ បានកើនដល់ ១២៧,៤១៧នាក់។

គួរបញ្ជាក់ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង តួលេខនៅថ្ងៃសៅរ៍នេះ បានបង្ហាញថា ជាងពាក់កណ្តាលនៃប្រជាជនចក្រភពអង់គ្លេស ទាំងជិត៦៧លាននាក់ ទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចមួយដូស ដោយក្នុងនោះជាង១២លាននាក់ ត្រូវបានចាក់គ្រប់ពីរដូស៕