(ហ្សាការតា)៖ ក្រុមសង្គ្រោះនៃប្រទេសឥណ្ឌូណេស៊ី បានប្រកាសនៅមុននេះបន្តិចថា បំណែកខ្លះត្រូវបានរកឃើញ ដែលត្រូវបានគេជឿជាក់ថា ជារបស់នាវាមុជទឹកឥណ្ឌូណេស៊ី ស្ថិតនៅក្នុងដែនទឹកក្បែរកោះបាលី (Bali Island)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូណេស៊ីលោក យូដូ ម៉ាហ្គោណូ (Yudo Margono) បានបង្ហើបប្រាប់ព័ត៌មានខាងលើនេះ នៅចំពេលក្តីសង្ឃឹមបានបាត់បង់រួចទៅហើយ ថាពួកគេនឹងអាចធ្វើការសង្គ្រោះជីវិតមនុស្សទាំង ៥៣នាក់នៅក្នុងនាវាមុជទឹកនោះ ព្រោះតែអុកស៊ីនក្នុងនាវានោះ ត្រូវបានប្រើប្រាស់អស់ទៅហើយ។ សម្រាប់បំណែកដែលត្រូវបានរកឃើញនោះ គឺជាគ្រាប់មីស៊ីលដែលត្រូវបានបំពាក់ ដើម្បីការពារនាវាមុជទឹក KRI ណាងហ្គឡា ៤០២ (KRI Nanggala 402) និងដបប្រេងរំអិលមួយទៀតផងដែរ។

គួរបញ្ជាក់ថា នាវាមុជទឹកមួយគ្រឿងក្នុងចំណោមនាវាមុជទឹកចំនួន ០៥គ្រឿងរបស់ប្រទេសឥណ្ឌូណេស៊ីបានបាត់ដំណឹង កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ក្នុងកំឡុងពេលហ្វឹកហាត់សមយុទ្ធបាញ់គ្រាប់ពិត នៅឯដែនទឹកកោះបាលី។ ការរកឃើញនេះបំណែកខ្លះៗខាងលើនេះ នឹងជួយឲ្យការស្វែងរកនាវាមុជទឹកទាំងមូល កាន់តែមានសង្ឃឹម។

បើតាមសម្តីរបស់មេបញ្ជាការទ័ពជើងទឹកឥណ្ឌូណេស៊ីខាងលើ នាវាមុជទឹក KRI Nanggala 402 ទំនងបានរងសម្ពាធខ្លាំងរហូតដល់ខ្លួនវាប្រេះ ដែលបានបង្ខំឲ្យបំណែកខ្លះរបេះចេញតួខ្លួនវា។ អ្នកដឹកនាំក្រុមសង្គ្រោះរូបនេះ បានបន្ថែមទៀតថា ការប្រេះនឹងកាន់តែរីកធំនៅពេលដែលនាវាមុជទឹក ចុះទៅកាន់ជម្រៅទឹកកាន់តែជ្រៅ ហើយបើតាមការសន្និដ្ឋាននាវាមុជទឹកនេះ អាចកំពុងស្ថិតនៅក្នុងជម្រៅទឹកចាប់ពី ៦០០-៧០០ម៉ែត្រ៕