(ប៉េកាំង)៖ កាលពីថ្ងៃទី២២ ខែមេសា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូល អំពីបញ្ហាអាកាសធាតុនៅក្រុងប៉េកាំង តាមប្រព័ន្ធវីដុអូ។ ថ្លែងក្នុងសុន្ទរកថា លោកបានផ្តួចផ្តើមឱ្យ «រួមគ្នាកសាងសហគមន៍រួមវាសនា រវាងមនុស្សជាតិនិងធម្មជាតិ» ព្រមទាំងអំពាវនាវឱ្យបណ្តាប្រទេសនានា ប្រកាន់ខ្ជាប់ពហុភាគីនិយម ប្រកាន់ខ្ជាប់នូវគោលការណ៍ ស្តីពីទំនួលខុសត្រូវរួមតែមានលក្ខណៈទីទៃគ្នា គំនិតផ្តួចផ្តើមទាំងនេះមានសារៈសំខាន់ ក្នុងការបំផុសគំនិតប្រកបដោយលក្ខណៈទាន់សម័យ សម្រាប់ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ។

ក្នុងមហាសន្និបាតលើកទី៧៥ នៃអង្គការសហប្រជាជាតិកាលពីឆ្នាំមុន លោក ស៊ី ជីនភីង បានប្រកាសថា ប្រទេសចិននឹងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការបញ្ចេញ ឧស្ម័នកាបូនិចឡើងដល់ចំណុចកំពូលនៅមុនឆ្នាំ ២០៣០ ហើយសម្រេចបាន នូវអព្យាក្រឹតភាពកាបូននៅមុនឆ្នាំ២០៦០។ បើប្រៀបធៀបនឹងប្រទេសអភិវឌ្ឍន៍ ប្រទេសចិននឹងចំណាយរយៈពេលខ្លី ដើម្បីសម្រេចបាននូវពាក្យសន្យារបស់ខ្លួន ស្តីពីការប្រែពីការកាត់បន្ថយ ការបញ្ចេញការបូនបន្ទាប់ពីឡើងដល់ចំណុចកំពូល ដល់វអព្យាក្រឹតភាពកាបូន ។ នេះគឺមានន័យថា ប្រទេសចិននឹងធ្វើការខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន ដើម្បីសម្រេចគោលដៅនេះ។

វាច្បាស់ណាស់ថា ដើម្បីសម្រេចបាននូវគោលដៅដ៏មហិមាមួយនេះ ប្រទេសចិនបានគ្រោង «ផែនទីផ្លូវ» យ៉ាងច្បាស់លាស់។ ព្រមពេលជាមួយគ្នា អ្នកដឹកនាំនៃប្រទេសលោកខាងលិច ដូចជាប្រទេសអាមេរិក ជប៉ុននិងអឺរ៉ុបជាដើម ក៏បានប្រកាសពីគោលដៅ កាត់បន្ថយការបញ្ចេញសារធាតុបំពុលរៀងៗខ្លួនផងដែរ ។ ពាក្យសន្យាទាំងនេះមានលក្ខណៈយ៉ាងសកម្ម ប៉ុន្តែប្រការដែលកាន់តែសំខាន់ជាងទៀត គឺត្រូវមានការអនុវត្តជាក់ស្តែង។

ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ មិនមែនជាថ្នូរសម្រាប់នយោបាយភូមិសាស្ត្រនោះទេ ហើយ «ពហុភាគីនិយមដែលមានលក្ខណៈជម្រើស» ក៏មិនមែនជាពហុភាគីនិយមដ៏ពិតប្រាកដនោះឡើយ។ លោក ស៊ី ជីនភីង បានអំពាវនាវថា បណ្តាប្រទេសនានាចាំបាច់ ត្រូវគាំពារប្រព័ន្ធអន្តរជាតិ ដែលតម្កល់ទុកអង្គការសហប្រជាជាតិជាស្នូល គោរពគោលដៅនិងគោលការណ៍របស់ «អនុសញ្ញាក្របខណ្ឌសី្តពីបម្រែបម្រួលអាកាសធាតុ នៃអង្គការសហប្រជាជាតិ» និង «កិច្ចព្រមព្រៀងក្រុងប៉ារីស»
ឯកសារទាំងនេះគួរតែក្លាយជាកម្មវត្ថុជាមូលដ្ឋានសម្រាប់ឱ្យ ពិភពលោកទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ប្រទេសលោកខាងលិច គួរតែគោរពតាម មិនត្រូវគ្រោងកិច្ចព្រមព្រៀងផ្សេងទៀតនោះទេ។ ដោយសារគិតពិចារណា ពីភាពខុសគ្នានៃដំណាក់កាលអភិវឌ្ឍន៍ សមត្ថភាពសេដ្ឋកិច្ចនិងមធ្យោបាយបចេ្ចកទេសជាដើម ក្នុងនាមជាមូលដ្ឋានសម្រាប់អភិបាលកិច្ចអាកាសធាតុនៅលើពិភពលោក គោលការណ៍ស្តីពីមានទំនួលខុសត្រូវរួមតែមានលក្ខណៈទីទៃគ្នា ចាំបាច់ត្រូវអនុវត្តជាក់ស្តែងថែមមួយកម្រិតទៀត ។

ពិភពលោកទាំងមូល អាចទទួលបានការបំផុសគំនិតពី សុន្ទរកថារបស់លោក ស៊ី ជីនភីង ពោលគឺ៖ គួរតែចាប់ដៃធ្វើកិច្ចសហប្រតិបតិ្តការ មិនត្រូវរិះគន់គ្នាទៅវិញទៅមក គួរតែប្រកាន់ខ្ជាប់គោលការណ៍ជានិច្ច មិនត្រូវកែប្រែគោលការណ៍តាមទំនើងចិត្ត ហើយគួរតែគោរពពាក្យសន្យា មិនត្រួវលះបង់ចោលពាក្យសន្យានោះទេ៕