(ប៊ុយណូស៊ែ)៖ ការិយាល័យសារព័ត៌មានប្រធានាធិបតីអាហ្សង់ទីន បានរាយការណ៍ឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអាហ្សង់ទីន លោក Mario Meoni បានទទួលមរណភាពហើយក្នុងអាយុ៥៦ឆ្នាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈលោកកំពុងបើកបររថយន្តដោយខ្លួនឯងផ្ទាល់ ត្រឡប់មកពីដំណើរទស្សនកិច្ចផ្លូវការមួយ នៅទីក្រុង Rosario។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

ការិយាល័យសារព័ត៌មានប្រធានាធិបតីអាហ្សង់ទីន បានគូសបញ្ជាក់ថា លោក Mario Meoni កំពុងបើកបរតែម្នាក់ឯង នៅក្នុងរថយន្តផ្លូវការរបស់លោក ក្នុងកំលុងពេលមានគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងសារចុងក្រោយដែលបានបង្ហោះ នៅលើគណនីបណ្ដាញសង្គម Twitter របស់លោកនៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Meoni បាននិយាយអំពីដំណើរទស្សនកិច្ច ជាមួយប្រធានាធិបតីអាហ្សង់ទីន លោក អាល់ប៊ែរតូ ហ្វែរណង់ដែស (Alberto Fernandez) ទៅកាន់ទីក្រុងខាងលើ ដែលធំបំផុតប្រចាំខេត្ត Santa Fe ជាកន្លែងដែលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗ ដូចទាក់ទងនឹងកំពង់ផែ សេវាកម្មផ្លូវដែក និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ត្រូវបានធ្វើឡើង។

ជាមួយដំណឹងមរណភាពរបស់លោក Mario Meoni លោកប្រធានាធិបតី Alberto Fernandez បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter ថា «យើងបានបាត់បង់អ្នកនយោបាយដ៏ហ្មត់ចត់ មិនចេះនឿយហត់ និងស្មោះត្រង់ ដែលជាមន្ត្រីគំរូម្នាក់ហើយ»។ ខ្ញុំសូមចូលរួមសម្តែងការសោកស្តាយដោយស្មោះ ជាមួយអ្នកទាំងឡាយដែលដូចខ្ញុំដែរ គឺមានចិត្តស្រឡាញ់ និងគោរពលោក Meoni។ ដំណឹងមរណភាពរបស់លោក Meoni បាននាំឲ្យមានការចូលរួមផ្ញើសាររំលែកទុក ពីសំណាក់មន្រ្តី និងឥស្សរជន ជាច្រើន រួមមានទាំងប្រធានគណៈរដ្ឋមន្រ្តី លោក Santiago Cafiero ដែលបានហៅលោកថាជា «សហសេវិកដ៏អស្ចារ្យ» មួយរូបផងដែរ។

គួរបញ្ជាក់ថា លោក Mario Meoni បានកើតឆ្នាំ១៩៦៥ នៅកោះ Ascencion ជាកោះទីប្រជុំជនមួយនៅជិតទីក្រុង Junin ដែលជាកន្លែងលោកបានបម្រើការជាអភិបាលក្រុង ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៥។ បន្ទាប់ពីចាកចេញពីតួនាទីនោះ លោក Meoni ក៏បានបម្រើការជាប្រធានធនាគារខេត្ត Buenos Aires មុនពេលចូលបម្រើការនៅក្នុងជួរគណៈរដ្ឋមន្រ្តី របស់លោកប្រធានាធិបតី Alberto Fernandez ប្រហែលជាងមួយឆ្នាំមុន៕