(ញូដេលី)៖ នេះជាថ្ងៃទី ៣ ហើយបន្ទាប់ពីថ្ងៃសុក្រម្សិលមិញ ដែលឥណ្ឌាបានរកឃើញអ្នកឆ្លង COVID-19 រហូតដល់លើស ៣០០,០០០នាក់ក្នុងមួយថ្ងៃ និងជាកំណត់ត្រាអាក្រក់ថ្មីបំផុតមួយទៀត ទាំងសម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះផង និងពិភពលោកទាំងមូលផង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

នៅថ្ងៃសៅរ៍នេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 សរុប ៣៤៥,១៤៧នាក់ និងអ្នកជំងឺ ២,៦២១នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។ នេះជាចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត ដែលមិនមានប្រទេសណាមួយក្រៅពីឥណ្ឌា ធ្លាប់បានជួបប្រទះនោះឡើយ។

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ជាង ១៦,៦០២,០០០ករណី ក្នុងនោះមានអ្នកស្លាប់់ជិត ១៩០,០០០នាក់ និងជាសះស្បើយវិញប្រមាណ ១៣.៨៦លាននាក់ ខណៈអ្នកជំងឺ ២.៥៥លាននាក់ទៀតកំពុងសម្រាកព្យាបាល។

ការឆ្លងរាតត្បាតជំងឺ COVID-19 រលកនៅឥណ្ឌាពេលនេះ ត្រូវបានគេស្តីបន្ទោសទៅលើ វិធានការទប់ស្កាត់មិនបានតឹងរ៉ឹង ពីសំណាក់រដ្ឋាភិបាល, ការប្រមូលផ្តុំគ្នាប្រារព្ធពិធីសាសនាប្រចាំឆ្នាំ, ការធ្វើយុទ្ធនាការឃោសនានៃបក្សនយោបាយ និងជាពិសេសគឺការរាតត្បាតវីរុស COVID-19 បំប្លែងខ្លួនថ្មី៕

*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!
App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia