(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានបណ្តេញបុគ្គលិកចំនួន ០៥រូបរបស់ស្ថានទូតប៉ូឡូញប្រចាំទីក្រុងម៉ូស្គូ ដើម្បីជាឆ្លើយតបចំពោះការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៣នាក់ចេញពីទីក្រុងវ៉ារស្សាវ៉ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារ Anadolu នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនបានប្រកាសបុគ្គលិកទូតចំនួន ៥នាក់ នៃស្ថានទូតប៉ូឡូញប្រចាំនៅប្រទេសរុស្ស៊ីថាជា «បុគ្គលិកដែលមិនស្មោះត្រង់»។ វិធានការនេះគឺជាងសងសឹកចំពោះការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៣រូបចេញពីប្រទេសប៉ូឡូញ កាលពីថ្ងៃទី២៣ ខែមេសា ដោយមានសាមគ្គីភាពជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនបានប្រកាសដាក់ទណ្ឌកម្មថ្មីលើគ្នាទៅវិញទៅមក ដោយប្រទេសទាំងពីរបានបណ្តេញអ្នកការទូតចំនួន ១០នាក់រៀងៗខ្លួន និងបានដាក់បញ្ចូលមន្ត្រីបន្ថែមទៀតទៅក្នុងបញ្ជីខ្មៅ។

ទីក្រុងវ៉ាស៊ីនតោនបានរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ី ស្របពេលដែលទីក្រុងម៉ូស្គូបានរឹតបន្តឹងច្បាប់ការងារសម្រាប់ស្ថានទូតអាមេរិក និងបានហាមឃាត់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិក ដែលឧបត្ថម្ភដោយរដ្ឋនៅក្នុងប្រទេសរុស្ស៊ី។

ក្រសួងបាននិយាយថា ជាការឆ្លើយតបចំពោះសកម្មភាពបង្កហេតុរបស់ប៉ូឡូញ ក្នុងការបណ្តេញអ្នកការទូតរុស្ស៊ី ដោយឈរលើគោលការណ៍ស្មើរភាពគ្នា ក្រសួងបានប្រកាសបុគ្គលិកចំនួន ៥នាក់របស់ស្ថានទូតសាធារណរដ្ឋប៉ូឡូញ ប្រចាំនៅប្រទេសរុស្ស៊ីថាជា«បុគ្គលិកដែលមិនស្មោះត្រង់»។

សេចក្តីរាយការណ៍បានបន្ថែមទៀតថា អ្នកការទូតដែលត្រូវបានបណ្តេញចេញ ត្រូវតែចាកចេញពីទឹកដីនៃសហព័ន្ធរុស្ស៊ី ឲ្យបានមុនថ្ងៃទី១៥ ខែឧសភា៕