(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៦៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១៥៩នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

លោក ផុនផាឌិត សាងសាយ៉ារ៉ាត (Phonepadith Xangsayarath) ជាអគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់មន្ទីរពិសោធន៍ និងការសិក្សាពីវីរុសរបស់ក្រសួងសុខាភិបាលឡាវ បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងចំណោមអ្នកឆ្លង COVID-19 ខាងលើមាន ៦០នាក់ត្រូវបានរកឃើញនៅក្នុងរដ្ឋធានីវៀងច័ន្ទ ហើយ ០២ករណីផ្សេងគ្នាត្រូវបានរាយការណ៍នៅក្នុងខេត្ត ចម្ប៉ាសាក់ (Champasak) និងខេត្ត បូកែវ (Bokeo) ខណៈមួយករណីទៀតនៅខេត្តវៀងច័ន្ទ (Vientiane province)។

គួរបញ្ជាក់ថា ៦៥ករណីឆ្លងក្នុងមួយថ្ងៃ គឺជាតួលេខខ្ពស់បំផុត លើកដំបូងហើយសម្រាប់ឡាវ គិតចាប់តាំងពីប្រទេសនេះ បានរកឃើញករណីឆ្លង COVID-19 ដំបូងកាលពីថ្ងៃខែមីនា ឆ្នាំ២០២០។ លោក Phonepadith ក៏បានអំពាវនាវផងដែរ ចំពោះរាល់ប្រជាពលរដ្ឋឡាវទាំងអស់ និងជនបរទេសស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងប្រទេសអាស៊ានមួយនេះ គួរតែអនុវត្តតាមវិធានការបង្ការ និងគ្រប់គ្រង COVID-19 ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវមួយនេះ៕