(បាងកក)៖ ស្ត្រីវ័យចំណាស់ម្នាក់ដែលបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 ត្រូវបានគេរាយការណ៍ថាបានស្លាប់កំឡុងពេលកំពុងរង់ចាំ រថយន្តសង្គ្រោះបន្ទាន់មកដឹកគាត់ពីផ្ទះរបស់គាត់ដែលស្ថិតនៅក្នុងសង្កាត់ Bang Kho Laem នៃទីក្រុងបាងកកទៅកាន់មន្ទីរពេទ្យ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

ព័ត៌មានខាងលើនេះត្រូវបានរាយការណ៍ដោយគេហទំព័រ Drama-addict តាមរយៈខ្សែវីដេអូដែលបានបង្ហោះលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយគូសបញ្ជាក់ថា «មានស្ត្រីវ័យចំណាស់ ០៣នាក់ដែលរស់នៅជុំគ្នាក្នុងផ្ទះតែមួយ។ ពួកគាត់ទាំងបីនាក់ត្រូវបានគេរាយការណ៍ថា បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 ហើយកំពុងរង់ចាំរថយន្តសង្គ្រោះមកដឹកពួកគាត់ទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែដោយសារតែមានចំនួនករណី ឆ្លងខ្ពស់នៅទីក្រុងបាងកក ដូច្នេះមន្ទីរពេទ្យភាគច្រើនមិនមានគ្រែគ្រប់គ្រាន់សម្រាប់សម្រាកព្យាបាលនោះទេ។ ហើយអ្វីដែលគួរឱ្យស្តាយនោះគឺស្ត្រីវ័យចំណាស់ម្នាក់ បានស្លាប់ មុនពេលរថយន្តសង្គ្រោះបន្ទាន់មកដល់»

គេហទំព័រ Drama-addict បានបន្ថែមថា ប្រទេសថៃកំពុងប្រឈមមុខនឹងបញ្ហាដ៏លំបាកដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រទេសអ៊ីតាលី ដែលមនុស្សវ័យចំណាស់ជាច្រើនត្រូវស្នាក់នៅផ្ទះរង់ចាំគ្រែសម្រាប់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកខ្លះបានស្លាប់ដោយសារជំងឺនេះកំឡុងពេលកំពុងរង់ចាំ។ គេហទំព័រដដែលនោះបានព្រមានថា «ប្រសិនបើនិន្នាការនេះនៅតែបន្តកើតមានដោយគ្មានដំណោះស្រាយ យើងនឹងមានមនុស្សវ័យចំណាស់ជាច្រើន ត្រូវស្លាប់នៅក្នុងផ្ទះរបស់ពួកគេ ខណៈអ្នកជំងឺដទៃទៀត ក៏នឹងមានបញ្ហាក្នុងការស្វែងរកគ្រែពេទ្យសម្រាប់សម្រាកព្យាបាលដែរ»

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៥០,១៨៣ករណី ក្នុងនោះមានអ្នកស្លាប់ ១២១នាក់ និងអ្នកជាសះស្បើយ ៣០,១៨៩នាក់៕