(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាមួយក្រុមមកពីគណបក្សសាធារណរដ្ឋនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបញ្ចេញផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដែលមាន កញ្ចប់ថវិកា ៥៦៨ពាន់លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ ខណៈពួកគេប្រឆាំងជំទាស់នឹងគម្រោងរបស់លោកប្រធានាធិបតី ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

នៅក្នុងសន្និសីទសារព័ត៌មានបញ្ចេញផែនការខាងលើ លោកស្រី Shelley Moore Capito ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានបញ្ជាក់ដូច្នេះថា៖ «នេះជាការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតរបស់គណបក្សសាធារណរដ្ឋ...ហើយយើងមើលឃើញថានេះជាឱកាសមួយដែលផែនការនេះស្ថិតនៅលើតុ និងគួរតែ ទទួលបានចម្លើយឆ្លើយតប»

គួរបញ្ជាក់ថា ការបញ្ចេញផែនការហេដ្ឋារចនាសម្ព័ន្ធរបស់គណបក្សសាធារណរដ្ឋខាងលើ កើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិនបានបញ្ចេញផែនការ មានកញ្ចប់ថវិកា ២ទ្រីលានដុល្លារ ដើម្បីវិនិយោគលើហេរដ្ឋារចនាសម្ព័ន្ធ និងជំរុញកំណើនសេដ្ឋកិច្ចអាមេរិក។ ផែនការរបស់លោក បៃដិន ដែលមានឈ្មោះថា American Jobs Plan ទទួលបានស្វាគមន៍យ៉ាងខ្លាំងពីក្រុមអ្នកប្រជាធិបតេយ្យ ប៉ុន្តែខាងគណបក្សសាធារណរដ្ឋបានជំទាស់យ៉ាងខ្លាំងនឹងគម្រោងនេះ ដ្បិតពួកគេ
យល់ថាគម្រោងរបស់លោក បៃដិននឹងតម្រូវឱ្យមានការដំឡើងពន្ធ៕