(វ៉ាស៉ីនតោន)៖ កូនឧទ្ធម្ភាគចក្រ Ingenuity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានទទួលជោគជ័យជាថ្មីម្តងទៀត ក្នុងការហោះហើររបស់វាជាលើកទីពីរ នៅលើផ្ទៃភពអង្គារ (Mars)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

ទីភ្នាក់ងារអវកាស NASA បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) កូនឧទ្ធម្ភាគចក្រ Ingenuity ត្រូវបាន ធ្វើតេស្តហោះហើរជាលើកទីពីរលើផ្ទៃភពអង្គារ ហើយការសាកល្បងលើកនេះ Ingenuity សម្រេចបានលទ្ធផលប្រសើរជាងមុនទៅទៀត គឺវាហោះបានហោះឡើងដល់រយៈកម្ពស់ខ្ពស់ និងបានយូរជាងការធ្វើតេស្តលើកទីមួយ ដែលប្រព្រឹត្តទៅកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

គួរបញ្ជាក់ថា បើតាម NASA កំលុងការធ្វើតេស្តនាថ្ងៃព្រហស្បតិ៍ កូនឧទ្ធម្ភាគចក្រ Ingenuity បានហោះឡើងដល់កម្ពស់០៥ម៉ែត្រ និងមានរយៈពេល៥១.៩វិនាទី។ Ingenuity បានចុះទៅដល់តំបន់រណ្តៅ Jezero លើផ្ទៃភពអង្គារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅ ជាមួយយានរ៉ូបូតកង់០៦ ឈ្មោះ Perseverance របស់ NASA៕