(ប៉េកាំង)៖ ឆ្លងតាមរយៈការជនុំជម្រះអស់រយៈពេលជិតបីសបា្តហ៍ នៅថ្ងៃទី២០ ខែមេសា តុលាការស្រុក Hennepin រដ្ឋ Minnesota របស់សហរដ្ឋអាមេរិក បានប្រកាសសាលក្រមអំពីសំណុំរឿង ស្តីពីប៉ូលិសស្បែកសឈ្មោះ Derek Chauvin យកជង្គង់សង្កត់ករបស់លោក George Floyd ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិករហូតដល់ដាច់ខ្យល់ស្លាប់ថា ដោយលោក Derek Chauvin ជាប់ទោសពីបទចោទប្រកាន់ទាំងបី ដូចជាបទមនុស្សឃាតនិងមនុស្សឃាតដោយអចេតនាជាដើម។

បន្ទាប់មក លោក Joe Biden ប្រធានាធិបតីអាមេរិក បានថ្លែងសុន្ទរកថាថា ការកាត់ក្តីនេះជា »ការវិវឌ្ឍរីកចម្រើនធំមួយ» បើនិយាយចំពោះការវាយបង្ក្រាបជាប្រព័ន្ធ នូវពូជសាសន៍និយមរបស់សហរដ្ឋអាមេរិក។ លោក Bernie Sanders អ្នកនយោបាយអាមេរិក បង្ហាញថា មានតែដើមហេតុនៃទង្វើបំពានសិទ្ធិមនុស្ស ដូចជាការរើសអើងពូជសាសន៍ជាប្រព័ន្ធ ចំពោះមនុស្សមិនមែនស្បែកស និងអំពើហិង្សារបស់ប៉ូលិសជាដើម ត្រូវលុបចោលទាំងស្រុង នោះ ទើបអាចមានសច្ចយុត្តិធម៌ដ៏ពិតប្រាកដ។

បើនិយាយចំពោះមូលហេតុជាក់ស្តែងអាចឃើញថា ប្រការនេះគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយការបណ្តែតបណ្តោយញុះញង់ក្នុងរយៈពេលយូរ នៃប្រព័ន្ធច្បាប់របស់សហរដ្ឋអាមេរិក។ នៅសហរដ្ឋអាមេរិក ប៉ូលិសត្រូវចោទប្រកាន់ ដោយសារមានបទមនុស្សឃាត គឺមិនសូវច្រើនទេ ហើយត្រូវកាត់ក្តីថា មានទោសនៅទីបំផុតក៏កាន់តែកម្រមានណាស់។ តាមស្ថិតិឱ្យដឹងថា ក្នុងសំណុំរឿងអំពីប៉ូលិសបាញ់សម្លាប់មនុស្សរាប់ពាន់លើក ចាប់តាំងពីឆ្នាំ២០០៥មក មានប៉ូលិសមិនដល់១៤០នាក់ ត្រូវចោទប្រកាន់ពីបទមនុស្សឃាត ឬបទមនុស្សឃាតដោយអចេតនា ក្នុងនោះ មានប៉ូលិសតែ៧នាក់ត្រូវកាត់ក្តីថា មានទោស។

ការពិតជាក់ស្តែងដ៏ឃោរឃៅនេះនាំឱ្យជនជាតិភាគតិចរស់នៅក្នុងភាពភ័យខ្លាច ហើយក៏នាំឱ្យបាតុភូតដែលតម្កល់ទុកមនុស្សស្បែកស ជាចម្បងធ្វើទាំងផ្គើនទាំងបំពាន និងកាន់តែមានភាពធ្ងន់ធ្ងរ ក្នុងប្រព័ន្ធច្បាប់ផងដែរ។ បើមើលពីប្រវត្តិសាស្ត្រ ក្នុងនាមជាចំណែកមួយ នៃប្រព័ន្ធរបបនិងរចនាសម្ព័ន្ធសហរដ្ឋអាមេរិក ការតម្កល់ទុកមនុស្សស្បែកសជាចម្បង ត្រូវចាត់ទុកថាជាដើមហេតុ នៃការរើសអើងពូជសាសន៍របស់អាមេរិក ។

លោកស្រី Mary Brown បញ្ញវន្តអាមេរិកបានសរសេរក្នុងសៀវភៅរបស់ខ្លួន «Emergency Strategy» ថា យើងកំពុងស្ថិតក្នុងសង្គ្រាមស្រមើលស្រមៃមួយលើក ការស្លាប់របស់មនុស្សស្បែកខ្មៅជាច្រើន គឺដោយមកពីក្នុងការស្រមើលស្រមៃរបស់មនុស្សស្បែកស មនុស្សស្បែកខ្មៅគឺមានគ្រោះថ្នាក់ណាស់ ។ គំនិតលំអៀងដែលដក់ក្នុងផ្នត់គំនិតបែបនេះ ជាមូលហេតុសំខាន់ដែលបណ្តាលឱ្យពូជសាសន៍និយម មានវត្តមានដោយគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធនិងជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក។

លោក Joe Biden ប្រធានាធិបតីអាមេរិក ធ្លាប់បានមានប្រសាសន៍ថា «ពូជសាសន៍និយមលក្ខណៈជាប្រព័ន្ធ គឺជាស្នាមប្រឡាក់លើព្រលឹងរបស់សហរដ្ឋអាមេរិក»។ ការកាត់ក្តីមួយលើកច្បាស់ជា មិនអាចបោសសំអាតបាននោះទេ។ សច្ចយុត្តិធម៌ដែលជនជាតិភាគតិចអាមេរិក រំពឹងទុកនោះគឺមិនទាន់មកដល់សោះ៕