(ប៉េកាំង)៖ ប្រទេសចិនរំពឹងថាកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះអាចនឹងជួយបន្ធូរបន្ថយ ស្ថានការណ៍តានតឹង ហើយក្លាយជាចំណុចចាប់ផ្ដើមឆ្ពោះទៅរកច្រកចេញពីវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា។ នេះបើតាមរដ្ឋមន្ត្រីការបរទេសចិនដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២១។

រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី ធ្វើការកត់សម្គាល់ខាងលើកំឡុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសថៃ និងរដ្ឋមន្ត្រីការបរទេស ប្រ៊ុយណេតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក វ៉ាង យី បានលើកឡើងដូច្នេះថា៖ «ភាគីចិនរំពឹងថាកិច្ចប្រជុំកំពូលអាស៊ាន នឹងនាំទៅរកការចាប់ផ្ដើមដ៏ល្អ ឆ្ពោះទៅរកការជួយសម្រេចឱ្យបាននូវការបន្ធូរបន្ថយស្ថានការណ៍តានតឹង និងរកច្រកចេញពីវិបត្តិនៅមីយ៉ាន់ម៉ា»

រដ្ឋមន្ត្រីការបរទេសចិនរូបនេះបន្ថែមទៀតថាចិននឹងបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទជាមួយអាស៊ាន ប៉ុន្តែលោកនៅតែសង្កត់ធ្ងន់ដដែលថាការដោះស្រាយ វិបត្តិ គឺនៅតែត្រូវពឹងលើមីយ៉ាន់ម៉ាខ្លួនឯង។ បន្ថែមពីលើនេះលោក វ៉ាង យី ក៏បានបញ្ជាក់ដែរថាចិនប្រឆាំងរាល់អន្តរាគមន៍មិនសមស្របពីខាងក្រៅ ហើយទោះជាមិនបានបញ្ជាក់លម្អិត តែគេដឹងថាលោកចង់សំដៅលើអឺរ៉ុប និងសហរដ្ឋអាមេរិកដែលកំពុងដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ចិនមិនមែនជាសមាជិកអាស៊ានឡើយ តែជាសមាជិកអាស៊ានបូក៣ រួមជាមួយជប៉ុន និងកូរ៉េខាងត្បូង។ គេក៏មិនទាន់ប្រាកដទេថាតើចិននឹង ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ឬក៏យ៉ាងណានោះដែរ៕