(រ៉ង់ហ្គូន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលថៃ បានលើកឡើងថា កិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ នឹងក្លាយជាតេស្តចំពោះភាពជឿជាក់ និងឯកភាពរបស់អាស៊ានទាំងមូល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

បណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង ១០ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ អគ្គមេបញ្ជាយោធា មីន អោង ហ្លេង ដែលកំពុងកាន់អំណាចគ្រប់បែបយ៉ាងនៅមីយ៉ាន់ម៉ា ក៏នឹងបង្ហាញវត្តមាន នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ ក្នុងនាមជាមេដឹកនាំមីយ៉ាន់ម៉ា។

សម្រាប់ប្រទេសថៃ ទោះបីជាលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មិនអាចទៅចូលកិច្ចប្រជុំកំពូល នាចុងសប្តាហ៍នេះក្តី ក៏លោកនឹងរៀបចំឲ្យរដ្ឋមន្ត្រីការបរទេសថៃលោក ដន ប្រាមុដវីណៃ (Don Pramudwinai) ធ្វើជាតំណាងទៅចូលរួមកិច្ចប្រជុំនោះរួចហើយដែរ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ប្រាយុទ្ធ ចាន់អូចា និងប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានទូរស័ព្ទពិភាក្សាគ្នា អំពីកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅឆាប់ៗនេះ។ នៅក្នុងកិច្ចសន្ទនាខាងលើ លោក ប្រាយុទ្ធ បានលើកឡើងអំពីស្ថានការណ៍ ដែលកំពុងកើតឡើងនៅមីយ៉ាន់ម៉ា ដោយចាត់ទុកថាវាជាបញ្ហាប្រឈមសម្រាប់ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសថៃលោក ថានី សាំងរ៉ាត (Tanee Sangrat) បានលើកឡើងជុំវិញកិច្ចប្រជុំកំពូលលើកនេះថា «បណ្តាប្រទេសអាស៊ានពិតជាដឹងយ៉ាងច្បាស់ អំពីការរំពឹងទុកនានារបស់អន្តរជាតិ ដើម្បីទទួលបាននូវលទ្ធផលជាក់ស្តែង តាមរយៈកិច្ចប្រជុំនេះ។ ឥឡូវនេះគឺវាអាស្រ័យលើសមាជិកគ្រួសារអាស៊ាន ក្នុងនោះរួមទាំងមីយ៉ាន់ម៉ាផង ដើម្បីធានាការពារភាពជឿជាក់ និងឯកភាពរបស់អាស៊ាន»

កន្លងមកនេះក៏ធ្លាប់មានមតិមួយចំនួន បានលើកឡើងអំពីការដកមីយ៉ាន់ម៉ា ចេញប្លុកអាស៊ានផងដែរ ប៉ុន្តែការលើកឡើងបែបនេះ ជាទូទៅគឺមិនត្រូវបានទទួលយកឡើយ ព្រោះអាស៊ានគ្មានគោលការណ៍ លូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ បណ្តាប្រទេសជាសមាជិកខ្លួននោះឡើយ។

សម្រាប់ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកតាមដានបញ្ហានៅមីយ៉ាន់ម៉ា លោកស្រី គ្រីស្ទីន ស្ក្រាណឺ ប៊ីជែណឺ នឹងចាកចេញពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីផងដែរ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានខាងលើនេះ ក្នុងនាមជាតំណាងរបស់ស្ថាប័នធំបំផុតនៃអន្តរជាតិ។

គួរបញ្ជាក់ថា ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបង្កឲ្យផ្ទុះបាតុកម្ម ស្ទើរទូទាំងប្រទេសមីយ៉ាន់ម៉ា និងការបង្ក្រាបយ៉ាងបង្ហូរឈាម រហូតមកទល់នឹងពេលនេះ គឺជាប្រធានបទយ៉ាងក្តៅគគុក សម្រាប់អាស៊ានទាំងមូល ខណៈបណ្តាប្រទេសមហាអំណាចលោកខាងលិច បាននិងកំពុងបន្តដាក់ទណ្ឌកម្ម និងសម្ពាធគ្រប់បែបយ៉ាងទៅលើមីយ៉ាន់ម៉ា ដើម្បីបង្ខំឲ្យយោធាប្រគល់អំណាច ដល់រដ្ឋាភិបាលលោកស្រី ស៊ូ ជី និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ៕