(ហ្សឺណែវ)៖ ក្រុមអ្នកជំនាញវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (WHO) ឬហៅកាត់ថា SAGE បានស្នើសុំទិន្នន័យបន្ថែមទៀតពាក់ព័ន្ធនឹង បញ្ហាកំណកឈាមលើមនុស្សមួយចំនួនដែលបានទទួលការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca នៅខាងក្រៅទ្វីបអឺរ៉ុប។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមអ្នកជំនាញវ៉ាក់សាំងរបស់អង្គការ WHO បានគូសបញ្ជាក់ដូច្នេះថា៖ « WHO នៅតែ បន្តគាំទ្រការសន្និដ្ឋានដែលថាវ៉ាក់សាំង AstraZeneca មានគុណសម្បត្តិច្រើនជាងហានិភ័យ»។ កាលពីថ្ងៃទី៧ ខែមេសា ក្រុមអ្នកជំនាញវ៉ាក់សាំង WHO បាននិយាយថាទំនាក់ទំនងរវាងកំណកឈាម និងវ៉ាក់សាំង AstraZeneca គឺអាចទៅរួច តែវាជារឿងកម្រនឹងកើតឡើងបំផុត។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារព័ត៌មាន AFP វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ត្រូវបានចែកចាយ និងប្រើប្រាស់នៅក្នុងប្រទេស ឬដែនដី ចំនួន១៥៧។ ប៉ុន្តែក្រុមអ្នកជំនាញវ៉ាក់សាំង WHO បានអះអាងថាករណីកំណកឈាមត្រូវបានរាយការណ៍ភាគច្រើនតែនៅក្នុងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបប៉ុណ្ណោះ ដោយករណីបែបនេះមានតិចតួចនៅតាមបណ្ដាប្រទេសដទៃ។

ម្យ៉ាងវិញទៀត ក្រៅតែពីស្នើសុំទិន្នន័យបន្ថែម ក្រុមអ្នកជំនាញទាំងនេះក៏បានផ្ដលអនុសាសន៍ដែរថាអ្នកដែលមានបញ្ហាកំណកឈាមក្រោយចាក់វ៉ាក់សាំង AstraZeneca ដូសទី១ មិនគួរចាក់វ៉ាក់សាំងនេះដូសទី២នោះទេ ខណៈបណ្ដាប្រទេសនៅអឺរ៉ុប និងប្រទេសមួយចំនួនទៀតតម្រូវឱ្យចាក់វ៉ាក់សាំងនេះលើ មនុស្សមានវ័យ ៦០ឆ្នាំឡើងទៅតែប៉ុណ្ណោះ៕