(ស៊ាងហៃ)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់កិច្ចប្រជុំកំពូលស្តីអំពីអាកាសធាតុ នៅថ្ងៃព្រហស្បតិ៍ ទី២២ មេសានេះថា ប្រទេសចិននឹងចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មក្នុងរយៈពេលចន្លោះពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

តាមរយៈវីដេអូអនឡាញលោក ស៊ី បានមានប្រសាសន៍ថា «យើងនឹងគ្រប់គ្រងគម្រោងផលិតថាមពលធ្យូងថ្មយ៉ាងតឹងរឹង...យើងនឹងកំណត់ការកើនឡើង នៃការប្រើប្រាស់ធ្យូងថ្មក្នុងកំឡុងពេលផែនការ ៥ឆ្នាំលើកទី១៤ (ពីឆ្នាំ២០២១ ដល់ ២០២៥) និងកាត់បន្ថយជាបណ្តើរៗក្នុងផែនការ ៥ឆ្នាំលើកទី១៥ (ពី២០២៦ ដល់ឆ្នាំ២០៣០)»

ការអត្ថាធិប្បាយរបស់លោក ស៊ី បានបញ្ជាក់ថា ការប្រើប្រាស់ធ្យូងថ្មរបស់ចិនដែលខ្ពស់បំផុត នៅលើពិភពលោក នឹងឈានដល់កម្រិតកំពូលនៅឆ្នាំ២០២៥ ហើយចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់។

ទន្ទឹមគ្នានេះ ប្រធានាធិបតី សុី ជីនពីង ក៏បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ចិនទៅកាន់បណ្តាប្រទេសឧស្សាហកម្ម ដើម្បីជួយប្រទេសក្រីក្រឱ្យផ្លាស់ប្តូរទៅរកការអភិវឌ្ឍបៃតង និងកាបូនទាបផងដែរ៕