(ម៉ានីល)៖ លោក ហារី រ៉ូក (Harry Roque) អ្នកនាំពាក្យរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីហ្វីលីពីនរូបនេះ មិនអាចចាកចេញទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ សប្តាហ៍នេះបានឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ប្រាប់មូលហេតុយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ឌូតឺតេ បានសម្រេចស្ថិតនៅក្នុងប្រទេស ដើម្បីគ្រប់គ្រងស្ថានការណ៍ ឆ្លើយតបនឹងការព្រួយបារម្ភនានា អំពីការកើនឡើងករណីឆ្លង COVID-19»។ បច្ចុប្បន្នករណីឆ្លងជំងឺនេះនៅហ្វីលីពីន កំពុងខិតកាន់តែជិត ១លានករណីហើយ ខណៈអ្នកជំងឺសរុប ១៦,៣៧០នាក់បានស្លាប់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះតែម្តង។

គួរបញ្ជាក់ថា ក្រៅពីប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក៏បានសម្រេចចិត្តមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតាផងដែរ។ កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រារព្ធឡើងនៅចុងសប្តាហ៍នេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាវេទិកាដ៏សំខាន់មួយ ដើម្បីពិភាក្សាស្តីអំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ហើយលោកអគ្គមេបញ្ជាការយោធា មីង អោង ហ្លេង នឹងបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំនោះ ក្នុងនាមជាមេដឹកនាំមីយ៉ាន់ម៉ា៕