(ហ្សាការតា)៖ ខ្យល់អុកស៉ីហ្សែនផ្គត់ផ្គង់នៅក្នុងនាវាមុជទឹកដែលបាត់ដំណឹង នឹងអស់នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប៉ុន្តែអាជ្ញាធរឥណ្ឌូណេស៉ី នៅតែមានសុទិដ្ឋិនិយមខ្ពស់ ក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្រ្គោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

លោក Yudo Margono ប្រមុខកងទ័ពជើងទឹកឥណ្ឌូណេស៉ី បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះថា «នាវាមុជទឹកនោះ នឹងមានអុកស៉ីហ្សែនគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់បានរយៈពេល៧២ម៉ោង ក្នុងករណីជួបបញ្ហាដាច់ចរន្តអគ្គិសនី។ ដោយយើងបានដាច់ការទាក់ទងជាមួយនាវា កាលពីម៉ោង០៣ទាបភ្លឺថ្ងៃពុធម្សិលមិញ ដូច្នេះខ្យល់អុកស៉ីហ្សែនអាចមាននៅក្នុងនាវា រហូតដល់ម៉ោង០៣ទាបភ្លឺថ្ងៃសៅរ៍ចុងសប្តាហ៍នេះ»។

គួរបញ្ជាក់ថា នាវាមុជទឹកខាងលើ បានដាច់ការទាក់ទង កំឡុងការហ្វឹកហ្វឺនមួយ ក្រោយពេលសុំការអនុញ្ញាតមុជចូលជ្រៅទៅក្នុងទឹក នៅម្តុំដែនទឹកភាគខាងជើងកោះបាលី ជាមួយនាវិកសរុប ៥៣នាក់នៅក្នុងនោះ។ ប្រទេសជិតខាងឥណ្ឌូណេស៉ី ដូចជាសិង្ហបុរីនិងម៉ាឡេស៉ី ក៏កំពុងបញ្ជូនកប៉ាល់សង្រ្គោះរបស់ខ្លួន ដើម្បីជួយតាមរកផងដែរ៕