(បាងកក)៖ លោកវេជ្ជបណ្ឌិត Yong Poovorawan អ្នកឯកទេសខាងផ្នែករោគសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយនៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃព្រហស្បតិ៍នេះថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ (Sinovac) អាចផ្ដល់ភាពស៊ាំ ដែលមានសមត្ថភាពរហូតដល់ ៩៩.៤ភាគរយប្រឆាំងនឹងវីរុសនេះ បន្ទាប់ពីការចាក់លើកទី២បានមួយខែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត Yong Poovorawan លើកឡើងដូចខាងលើ ដោយយោងលើការសិក្សាស្រាវជ្រាវមួយ ដោយសាកលវិទ្យាល័យ Chulalongkorn និងមន្ទីរពេទ្យទូទៅ Banphaeo នៅខេត្តសាមុត សាខន (Samut Sakhon) អំពីប្រព័ន្ធភាពស៊ាំរបស់មនុស្ស មុននិងក្រោយពេលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 របស់ Sinovac ពីរដូស ដោយដូសទីពីរចាក់ក្រោយដូសទីមួយ ៣សប្តាហ៍។

លោក Yong Poovorawan បានបកស្រាយថា «យើងបានរកឃើញថា ប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ មានការកើនឡើងខ្លាំង នៅពេលបានទទួលការចាក់វ៉ាក់សាំង។ មួយខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២ ប្រព័ន្ធភាពស៊ាំ បានកើនឡើងប្រហាក់ប្រហែលនឹង ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ដែលបានឆ្លងវីរុសនេះ ហើយជាសះស្បើយវិញ បានរយៈពេល ៤-៨សប្តាហ៍»

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា «អ្នកដែលបានចាក់វ៉ាក់សាំង Sinovac ដូសទីពីរ អាចទទួលបានប្រព័ន្ធភាពស៊ាំ ដែលមាន សមត្ថភាព ៩៩.៤ភាគរយប្រឆាំងនឹង COVID-19 ខណៈអ្នកជំងឺដែលបានឆ្លងវីរុសនេះ ហើយជាវិញ អាចទទួលបានប្រព័ន្ធភាពស៊ាំ ដែលមានសមត្ថភាពទប់ទល់៩២.៥ភាគរយ»។ លោកវេជ្ជបណ្ឌិតថៃ បានមានប្រសាសន៍បន្ថែមទៀតថា «យើងដឹងរួចហើយថា អ្នកជំងឺដែលបានជាសះស្បើយ អាចត្រូវបានឆ្លងវីរុសនេះម្តងទៀត ប៉ុន្តែភាពធ្ងន់ធ្ងរទំនងជាតិចជាងលើកដំបូង»

គួរបញ្ជាក់ថា បើតាមលោកវេជ្ជបណ្ឌិត Yong Poovorawan ការសិក្សារយៈពេលក៏កំពុងធ្វើឡើងផងដែរ អំពីប្រព័ន្ធភាពស៊ាំនៃអ្នកចាក់វ៉ាក់សាំង ក្នុងគោលបំណងព្យាករពីឱកាសនៃការឆ្លងវីរុស COVID-19 ឡើងវិញ។ ក្នុងរយៈពេលវែង ការសិក្សានេះ នឹងអាចឲ្យដឹងបានថា តើវាចាំបាច់ក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 លើកទី៣ ឬយ៉ាងណា ហើយប្រសិនបើវាដូច្នោះ តើនៅពេលណាដែលគួរតែទទួលការចាក់លើកទី៣៕