(វ៉ាស៉ីនតោន)៖ របាយការណ៍ស្រាវជ្រាវមួយរបស់សភាអាមេរិក ហៅកាត់ថា CRS បានបង្ហាញថា កូរ៉េខាងជើងទំនងជាកំពុងតែព្យាយាម អភិវឌ្ឍសមត្ថភាពសព្វាវុធ ដែលអាចកាត់បន្ថយប្រសិទ្ធភាព ឬយកឈ្នះតែម្តងលើប្រព័ន្ធការពារមីស៉ីលរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយក្នុងក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

របាយការណ៍ខាងលើដែលចេញផ្សាយ កាលពីពេលថ្មីៗនេះ បានលើកឡើងដូច្នេះថា «ការបោះជំហានទៅមុខមួយរយៈចុងក្រោយ នៅក្នុងកម្មវិធីតេស្តមីស៉ីលផ្លោលបាលីស្ទិករបស់កូរ៉េខាងជើង ហាក់ត្រូវបានធ្វើឡើង ដោយមានគោលដៅអភិវឌ្ឍសមត្ថភាព ដើម្បីកាត់បន្ថយ ឬយកឈ្នះតែម្តង លើប្រសិទ្ធភាពនៃប្រព័ន្ធមីស៉ីលអាមេរិក ដែលដាក់ពង្រាយនៅក្នុងតំបន់ ក្នុងនោះរួមទាំងប្រព័ន្ធ THAAD ផងដែរ»

របាយការណ៍ដដែលបានកត់សម្គាល់ថា មីស៉ីលផ្លោងរយៈចម្ងាយខ្លី KN-23 ដែលកូរ៉េខាងជើងទើបបាញ់តេស្តកាលពីខែមុន អាចវាយប្រហារដល់គ្រប់ទីតាំងនៅតំបន់ឧបទ្វីបកូរ៉េ ហើយការធ្វើតេស្តនោះ ប្រហែលជាការសាកល្បងមីស៉ីល KN-23 ថ្មីមួយប្រភេទ ដែលមានលក្ខណៈធ្វើឲ្យវា ពិបាកក្នុងការបាញ់ស្ទាក់។ របាយការណ៍ CRS បានបន្ថែមថា កូរ៉េខាងជើង ក៏អាចផ្តោតទៅលើការអភិវឌ្ឍ មីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹកផងដែរ ដើម្បីយកឈ្នះប្រព័ន្ធមីស៉ីលការពារអាមេរិក នៅក្នុងតំបន់។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានប្រកាន់គោលការណ៍ ផ្អាកធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៉ីលផ្លោងរយៈចម្ងាយវែង ចាប់តាំងតែពីខែវិច្ឆិកា ឆ្នាំ២០១៧មក ប៉ុន្តែកាលពីឆ្នាំ២០១៩ បានប្រកាសវិញថា ខ្លួនលែងប្រកាន់ខ្ជាប់ការរឹតត្បិតនេះទៀតហើយ៕