(ញូដេលី)៖ ប្រទេសឥណ្ឌាបានរាយការណ៍ពីអ្នកជំងឺ COVID-19 រហូតដល់ ២,១០២នាក់ទៀតបាត់បង់ជីវិត និងអ្នកឆ្លងចំនួន ៣១៥,៨០២នាក់ទៀត ត្រូវបានធ្វើតេស្តរកឃើញ តែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

តួលេខឆ្លង និងស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃខាងលើនេះ គឺជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀតសម្រាប់ឥណ្ឌា ស្ថិតនៅចំពោះមុខការ lockdown រដ្ឋធានីញូដេលីរហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ និងការអំពាវនាវពីសំណាក់ លោកនាយករដ្ឋមន្ត្រី ណារិដ្រា ម៉ូឌី ឲ្យពលរដ្ឋចូលរួមជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតដ៏អាក្រក់លើកនេះ។

បញ្ហាចម្បងធំមួយសម្រាប់ប្រទេស ដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់មួយនេះ គឺការខ្វះខាតមន្ទីរពេទ្យ គ្រឿងបរិក្ខាពេទ្យ និងអុកស៊ីសែនផ្គត់ផ្គង់នៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្តារដ្ឋភាគខាងត្បូង និងភាគកណ្តាលប្រទេស ដែលកំពុងរងការរាតត្បាតជំងឺ COVID-19 ខ្លាំងក្លាជាងគេ។

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ជិត ១៦លានករណី ក្នុងនោះមានអ្នកស្លាប់ ១៨៤,៦៧២នាក់ និងជាសះស្បើយឡើងវិញ ១៣.៤៥លាននាក់។ ការឆ្លងរាតត្បាតយ៉ាងគំហុកត្រូវបានគេមើលឃើញ ចាប់តាំងពីក្រុមអ្នកកាន់សាសនាហិណ្ឌូទូទាំងប្រទេសឥណ្ឌា ចាប់ផ្តើមប្រារព្ធពិធីបុណ្យ គុម មេឡា (Kumbh Mela) ដែលតែងតែមានការជួបជុំគ្នាយ៉ាងកកុញ ហើយវានឹងមានរយៈពេល ពេញមួយខែមេសានេះតែម្តង៕