(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៥,០៥៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៧៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣២,៦០២,០៥១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៨៣,៣៣០នាក់ និងជាសះស្បើយឡើងសរុប ២៥,១៧៧,៤៣៤នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

ឆ្លើយតបទៅនឹងសំនួរថា អាមេរិកបានចាក់វ៉ាក់សាំងជាច្រើនរួចមកហើយ ប៉ុន្តែតើហេតុអ្វីបានជាចំនួនករណីឆ្លងប្រចាំថ្ងៃ នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល? អ្នកជំនាញអាមេរិកមួយរូបគឺបណ្ឌិត រ៉ូឈែល វ៉ាលែនស្គី (Rochelle Walensky) មកពីមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺ (CDC) បានឆ្លើយតបថា មនុស្សវ័យក្មេងនៅតាមរដ្ឋជាច្រើន មិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅឡើយទេ ហើយករណីឆ្លងភាគច្រើន បានកើតឡើងទៅលើពួកគេទាំងនោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២១៣,៣៨៨,២៣៨ដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៣៣,២៦៦,៩៩៥នាក់ (ជាង ៤០%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ៨៦,២៣៣,៥០៦នាក់ (ជិត ២៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស (គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ពេលវេលានៅសហរដ្ឋអាមេរិក)៕