(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) ក្នុងឱកាសនៃប្រារព្ធទិវាភពផែនដី នៅព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ នេះបានអំពាវនាវឲ្យគ្រប់គ្នា ធ្វើការប្តេជ្ញាចិត្ត «ស្តារភពផែនដៅនេះឡើងវិញ» ដោយត្រូវ «កសាងសន្តិភាពជាមួយធម្មជាតិ»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងការថ្លែងសារអបអរ «ទិវាភពផែនដី» ប្រចាំឆ្នាំខាងលើនេះ អគ្គលេខាធិការ UN បានយកឱកាសក្រើនរំលឹកជាសកលទៀតថា ភពផែនដីយើងពេលនេះ កំពុងតែស្ថិតនៅក្បែរមាត់ជ្រោះនៃបញ្ហាធំ ខណៈដែលមនុស្សលោកនៅតែបន្តបំផ្លិចបំផ្លាញធម្មជាតិ។

លោក Guterres បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងគិតតែពីការកេងយកធនធានធម្មជាតិ ពីភពផែនដីមួយនេះ ដោយបានបំផ្លាញសត្វព្រៃ និងបំពុលខ្យល់អាកាស ហើយដី និងសមុទ្រប្រែក្លាយជាកន្លែងចាក់សំរាម។ ប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ និងខ្សែសង្វាក់ផលិតស្បៀងអាហារ កំពុងត្រូវបានរុញច្រានទៅរកការដួលរលំ។ នេះជាការធ្វើអត្តឃាតខ្លួនឯង។ យើងត្រូវតែបញ្ចប់សង្គ្រាមរបស់យើងទៅលើធម្មជាតិ ហើយបំប៉នវាឱ្យមានសុខភាពល្អឡើងវិញ»

គួរបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនៃការស្តារភពផែនដីឡើងវិញបាន អគ្គលេខាធិការ UN បានអំពាវនាវឲ្យគ្រប់គ្នារួមគ្នាជាធ្លុងមួយ ដើម្បីកំណត់ការកើនឡើងកម្តៅផែនដីឲ្យមកនៅ ១.៥អង្សាសេ, បោះជំហានសំខាន់ៗដើម្បីការពារធនធានជីវចំរុះ និងកាត់បន្ថយការបំពុល ព្រមទាំងការចោលសំរាមគ្មានសណ្តាប់ធ្នាប់។

លោក Guterres បានក្រើនរំលឹកថា ការបោះជំហានទាំងអស់នេះ នឹងមិនត្រឹមតែអាចការពារសន្តិសុខភពផែនដី ដែលជា «ផ្ទះតែមួយរបស់ពួកយើង» ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបង្កើតការងារថ្មីៗ រាប់លានកន្លែងទៀតផងដែរ។ ការស្តារឡើងវិញពីវិបត្តិ COVID-19 គឺជាឱកាសមួយសម្រាប់ធ្វើឲ្យពិភពលោក ប្រែក្លាយកាន់តែបរិសុទ្ធ, បៃតង និងមានអនាគតកាន់តែប្រកប ដោយនិរន្តរភាពឡើងវិញ៕