(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃពុធ ទី២១ ខែមេសានេះ បានព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់បណ្តាប្រទេសលោកខាងលិច ចំពោះការរំលោភបំពានលើផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី ដោយនិយាយថា ការឆ្លើយតបរបស់ទីក្រុងមូ៉ស្គូនឹង «លឿនរហ័សនិងខ្លាំងក្លាជាទីបំផុត»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។

ការព្រមានរបស់លោកពូទីនបែបនេះ ធ្វើឡើងក្នុងអំឡុងពេលសុន្ទរកថាប្រចាំឆ្នាំរបស់លោក និងបានកើតឡើងចំពេលមានការបង្កើនកម្លាំងយោធាដ៏ធំ នៅតាមព្រំដែនប្រទេសអ៊ុយក្រែន ជាទីដែលការរំលោភបទឈប់បាញ់នៅក្នុងជម្លោះរយៈពេល ៧ឆ្នាំ រវាងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន បានកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានជំរុញឱ្យវិមានក្រឹមឡាំងដកកងទ័ពចេញពីតំបន់នោះមកវិញ។

 លោកពូទីនបាននិយាយយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា គ្មាននរណាម្នាក់ហ៊ានឆ្លងហួសខ្សែបន្ទាត់ក្រហម ទាក់ទងនឹងប្រទេសរុស្ស៊ីទេ។ ហើយយើងនឹងកំណត់កន្លែងដែលវាស្ថិតនៅក្នុងករណីជាក់លាក់នីមួយៗ។ អ្នកដែលព្យាយាមបង្កហេតុណាមួយ ដែលគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខស្នូលរបស់ប្រទេសរុស្ស៊ី នឹងមានអារម្មណ៍សោកស្តាយចំពោះទង្វើរបស់ពួកគេដែលមិនធ្លាប់មានពីមុនមក»

ទីក្រុងមូស្គូបានច្រានចោលចំពោះការព្រួយបារម្ភរបស់អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិចអំពីការបង្កើនកងទ័ពនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ដោយនិយាយថា វាមិនគំរាមកំហែងដល់នរណាម្នាក់ឡើយ ហើយរុស្ស៊ីមានសេរីភាពក្នុងការពង្រាយកម្លាំងរបស់ខ្លួននៅលើទឹកដីរបស់ខ្លួន។

មិនតែប៉ុណ្ណោះ វិមានក្រឹមឡាំងក៏បានព្រមានដល់អាជ្ញាធរអ៊ុយក្រែនប្រឆាំងនឹងការព្យាយាមប្រើកម្លាំង ដើម្បីដណ្តើមកាន់កាប់តំបន់ភាគខាងកើត ដែលកាន់កាប់ដោយក្រុមឧទ្ទាម ដោយនិយាយថាប្រទេសរុស្ស៊ីអាចត្រូវបានបង្ខំឱ្យធ្វើអន្តរាគមន៍ដើម្បីការពារជនស៊ីវិលនៅក្នុងតំបន់៕