(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Johnson & Johnson នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាខ្លួននឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងនៅក្នុងតំបន់ អឺរ៉ុបឡើងវិញ បន្ទាប់ពីទីភ្នាក់ងារឱសថអឺរ៉ុបអះអាងថាវ៉ាក់សាំងរបស់ក្រុមហ៊ុនមួយនេះមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ ជុំវិញបញ្ហាកំណកឈាម។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។

ការចែកចាយ និងការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson ត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយអាជ្ញាធរនិយ័តករអាមេរិកកាលពីសប្ដាហ៍មុន ក្រោយរកឃើញថាស្ត្រី៦នាក់ដែលបានចាក់វ៉ាក់សាំងនេះមានបញ្ហាកំណកឈាមក្នុងខួរក្បាលដ៏កម្រ ជាហេតុជំរុញឱ្យបណ្ដាប្រទេសអឺរ៉ុបពន្យារពេលការប្រើ ប្រាស់វ៉ាក់សាំងចាក់តែមួយដូសនេះ។ ប៉ុន្តែ នៅក្នុងការផ្ដល់អនុសាសន៍នៅថ្ងៃអង្គារសប្ដាហ៍នេះ ទីភ្នាក់ងារឱសថអឺរ៉ុបអះអាងថាវ៉ាក់សាំងរបស់ក្រុមហ៊ុនមួយនេះ មានគុណសម្បត្តិច្រើនជាងគុណវិបត្តិ បើទោះជាពួកគេរកឃើញពីទំនាក់ទំនងរវាងវ៉ាក់សាំង Johnson & Johnson និងបញ្ហាកំណកឈាមក៏ដោយ។

គួរបញ្ជាក់ថា ក្រោយការផ្ដល់អនុសាសន៍របស់ទីភ្នាក់ងារឱសថអឺរ៉ុប ក្រុមហ៊ុន Johnson & Johnson បានបញ្ជាក់ថានឹងប្រើប្រាស់កញ្ចប់វ៉ាក់សាំងថ្មីដោយមានទាំង ការព្រមានពីសុវត្ថិភាព ឬផលប៉ះពាល់នៃវ៉ាក់សាំង ក៏ដូចជាការណែនាំមុននឹងប្រើផងដែរ។ ក្រុមហ៊ុនមួយនេះថែមទាំងឱ្យដឹងថាខ្លួននឹងចាប់ផ្ដើមការចែកចាយ វ៉ាក់សាំងទៅកាន់សហភាពអឺរ៉ុប , ប្រទេសន័រវែស និងអ៉ីស្លង់ ខណៈកំពុងពិភាក្សាពីការចាប់ផ្ដើមការធ្វើតេស្ដលើមនុស្សឡើងវិញ៕