(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការ ជំងឺ COVID-19 សរុប ២១៣,៣៨៨,២៣៨ដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។

នៅក្នុងទិន្នន័យចុងក្រោយបំផុតខាងលើនេះ CDC បានបញ្ជាក់ទៀតថា មនុស្សសរុប ១៣៣,២៦៦,៩៩៥នាក់ (ជាង ៤០%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ៨៦,២៣៣,៥០៦នាក់ (ជិត ២៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស (គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ពេលវេលានៅសហរដ្ឋអាមេរិក)។

គួរបញ្ជាក់ថា ទិន្នន័យខាងលើត្រូវបានបូកសរុប ពីអ្នកចាក់វ៉ាក់សាំងប្រភេទ «ចាក់ពីរដូស» របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna ព្រមទាំងវ៉ាក់សាំងប្រភេទ «ចាក់តែមួយដូស» របស់ក្រុមហ៊ុន Johnnson & Johnson។ បន្ថែមពីនេះ នៅតាមមជ្ឈមណ្ឌលថែទាំសុខភាពរយៈពេលវែង នៅទូទាំងសហរដ្ឋអាមេរិក វ៉ាក់សាំងបង្ការ COVID-19 សរុបជាង ៧,៧៨០,០០០ដូស ក៏ត្រូវបានចាក់ជូនបុគ្គលិកបម្រើការងារ នៅទីកន្លែងទាំងនោះផងដែរ៕