(បាងកក)៖ ចំពោះមុខការដំណើរការចាក់វ៉ាក់សាំងយ៉ាងសន្សឹមៗ និងការរាតត្បាត COVID-19 កាន់តែខ្លាំង នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថា ប្រទេសអាស៊ានមួយនេះកំពុងចរចាទិញ វ៉ាក់សាំងបង្ការ COVID-19 ពីក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិកប្រមាណពី ៥-១០លានដូស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២១។

លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុងបាងកកទៀតថា វ៉ាក់សាំង Pfizer ដូសដំបូងៗអាចនឹងមកដល់ នៅអំឡុងខែកក្កដា ដល់ចុងឆ្នាំ២០២១នេះ។ បច្ចុប្បន្នប្រទេសថៃ កំពុងប្រើប្រាស់វ៉ាក់សាំង AstraZeneca របស់អង់គ្លេស (ក្រោយការផ្អាកជាបណ្តោះអាសន្ន) និងវ៉ាក់សាំង Sinovac របស់ចិន ប៉ុន្តែការចាក់ត្រូវបានគេរិះគន់ថានៅមានភាពយឺតយ៉ាវ ខណៈគិតត្រឹមថ្ងៃអង្គារនេះ វ៉ាក់សាំងតែជាង ៦៦៦,០០០ដូសប៉ុណ្ណោះត្រូវបានចាក់ជូនប្រជាជន ក្នុងនោះប្រមាណ ១១,៧២៧នាក់បានទទួលការចាក់គ្រប់ដូស។

គួរបញ្ជាក់ថា ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ គិតត្រឹមថ្ងៃអង្គារនេះមានករណីឆ្លង COVID-19 សរុប ៤៥,១៨៥ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១០៨នាក់ និងជាសះស្បើយឡើងវិញ ២៨,៩៥៨នាក់ ខណៈអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា បានកើនឡើងរហូតដល់ ១៦,១១៩នាក់៕