(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃអង្គារនេះ បានប្រកាសថា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុប២៥៩,១៧០នាក់ថែមទៀត ត្រូវបានរាយការណ៍នៅទូទាំងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។

ប្រការនេះធ្វើឲ្យចំនួនករណីឆ្លងសរុបកើនដល់ ១៥,៣២១,០៨៩នាក់។ ទន្ទឹមគ្នា អ្នកជំងឺ១,៧៦១នាក់ទៀត ក៏ត្រូវគេរាយការណ៍ថា បានស្លាប់ផងដែរ នាំឲ្យចំនួនអ្នកជំងឺស្លាប់សរុបកើនដល់ ១៨០,៥៣០នាក់។ មានអ្នកជំងឺ ២,០៣១,៩៧៧នាក់ ដែលកំពុងបន្តទទួលការព្យាបាល នៅទូទាំងប្រទេសឥណ្ឌា ខណៈ១៣,១០៨,៥៨២នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា តួលេខករណីឆ្លងប្រចាំថ្ងៃ នៅតែបន្តស្ថិតនៅកម្រិតខ្ពស់ក្នុងប្រទេសឥណ្ឌា ហើយរដ្ឋាភិបាលឥណ្ឌា ក៏បានចេញវិធានការជាបន្តបន្ទាប់ ដើម្បីព្យាយាមគ្រប់គ្រងការរាតត្បាតផងដែរ ដោយកាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋធានីញូដេលី ត្រូវបានដាក់ឲ្យស្ថិតក្រោម ការបិទខ្ទប់រយៈពេលមួយសប្តាហ៍ គឺដល់ថ្ងៃទី២៦ ខែមេសា។ ឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 កាលពីខែមករា ហើយមកទល់ពេលវ៉ាក់សាំងជាង១២៧លានដូស ត្រូវបានចាក់នៅទូទាំងប្រទេស៕