(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចានៅថ្ងៃអង្គារនេះបានបញ្ជាក់ថាលោកនឹងមិនទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែមេសានេះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។

លោក បា្រយុទ្ធមិនបានបញ្ជាក់ពីហេតុផលលម្អិតឡើយ ដោយគ្រាន់តែឱ្យដឹងថាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ដុន ប្រាមូដវីណៃ (Don Pramudwinai) នឹងតំណាងឱ្យរូបលោកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

កិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតា ត្រូវបានគេរំពឹងថានឹងផ្ដោតជាសំខាន់លើវិបត្តិនៅមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន ខណៈអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីង អោង ហ្លេងក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះដែរ៕