(ហុងកុង)៖ យ៉ាងហោចណាស់អ្នកដំណើរចំនួន ៤៩នាក់នៅលើជើងយន្តហោះមួយ ដែលបានធ្វើដំណើរពីប្រទេសឥណ្ឌា ត្រូវបានអាជ្ញាធរហុងកុងធ្វើតេស្តរកឃើញវិជ្ជមាន COVID-19 ខណៈដែលទីក្រុងស្វយ័តរបស់ចិនមួយនេះ ទើបតែដាក់ចេញនូវការហាមឃាត់ ជើងហោះហើរទាំងអស់ពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការជះរលកថ្មីនៃជំងឺនេះ ដែលកំពុងបោកបក់យ៉ាងខ្លាំងក្លានៅឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នារសៀលថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។

ជើងហោះហើរខាងលើនេះជារបស់អាកាសចរណ៍ឥណ្ឌា វីស្តារ៉ា (Vistara) បានចេញដំណើរពីរដ្ឋធានីញូដេលី មកកាន់ទីក្រុងហុងកុង កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ (មុនការប្រកាសផ្អាកជើងហោះហើរជាបណ្តោះអាសន្ន ដែលចេញដោយអាជ្ញាធរហុងកុង)។ ការដាក់ចេញបំរាមខាងលើនេះ ត្រូវបានធ្វើទៅលើជើងហោះហើរទាំងអស់ មកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន និងហ្វីលីពីន ដោយបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃចន្ទម្សិលមិញនេះ និងមានរយៈពេលកំណត់ ០២សប្តាហ៍។

អាជ្ញាធរហុងកុងមិនបានបញ្ជាក់ថា តើនៅលើយន្តហោះរបស់អាកាសចរណ៍ឥណ្ឌា Vistara នោះមានផ្ទុកអ្នកដំណើរសរុបប៉ុន្មានអ្នកឡើយ ក្រៅតែពីអ្នកផ្ទុកជំងឺ COVID-19 ចំនួន ៤៩នាក់ ដែលត្រូវបានប្រកាសខាងលើនេះ។ យ៉ាងណាក៏ដោយសម្រាប់ប្រភេទយន្តហោះ ដែលបានធ្វើដំណើរពីឥណ្ឌាមកហុងកុង កាលពីថ្ងៃទី០៤ ខែមេសា នោះត្រូវបានគេដឹងថា មានសមត្ថភាពអាចផ្ទុកអ្នកដំណើរបាន ១៨៨នាក់។

គួរបញ្ជាក់ថា ការរកឃើញករណីវិជ្ជមាន COVID-19 ត្រូវបានធ្វើឡើង នៅអំឡុងពេលដែលអ្នកដំណើរទាំងអស់ ដែលចូលមកកាន់ទីក្រុងនេះ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ០៣សប្តាហ៍ ដែលជាភាពតឹងរ៉ឹងបំផុតមួយ នៃវិធានការទប់ទល់ COVID-19 នៅលើពិភពលោកនេះ។ បន្ថែមពីនេះ អ្នកចង់ធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ក៏ត្រូវមានការបញ្ជាក់ជាផ្លូវការ អំពីការធ្វើតេស្តអវិជ្ជមាន ៧២ម៉ោងមុនការចេញដំណើរផងដែរ៕