(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា ខ្លួននឹងជំរុញការណែនាំ «កុំធ្វើដំណើរ» ទៅកាន់ប្រហែល ៨០ភាគរយ នៃបណ្តាប្រទេសនៅទូទាំងពិភពលោក ដោយលើកឡើងពី «ហានិភ័យដែលមិនធ្លាប់មានពីមុនមក សម្រាប់អ្នកដំណើរ» ចំពោះមុខការឆ្លងរាតត្បាតជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។

ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការធ្វើបច្ចុប្បន្នភាពនេះ នឹងនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ នូវចំនួនប្រទេសដែលស្ថិតនៅកម្រិតទី ៤ នោះគឺ៖ កុំធ្វើដំណើរទៅកាន់បណ្តាប្រទេសក្នុងចំនួនប្រហែល ៨០ភាគរយនៅទូទាំងពិភពលោក»

កន្លងមកនេះ ក្រសួងការបរទេសអាមេរិកបានចុះបញ្ជីប្រទេសចំនួន ៣៤រួចហើយ ក្នុងចំណោមប្រទេស និងដែនដីប្រមាណ ២០០ ចូលទៅក្នុងបញ្ជី «ប្រទេសដែលស្ថិតនៅកម្រិតហាមឃាត់ទី ៤ ដោយប្រាប់ប្រជាជនកុំឲ្យធ្វើដំណើរ ទៅកាន់ប្រទេសទាំងនោះ» រួមមានដូចជាប្រទេស ឆាដ (Chad), កូសូវោ (Kosovo), កេនយ៉ា (Kenya), ប្រេស៉ីល (Brazil), អាហ្សង់ទីន (Argentina), ហៃទី (Haiti), ម៉ូសំប៊ិក (Mozambique), រុស្សី (Russia), និងតង់សានី (Tanzania)។

ចំណែកឯការឈានដល់ការហាមឃាត់ ការធ្វើដំណើរទៅកាន់ប្រទេសចំនួន ៨០ភាគរយ នៅទូទាំងពិភពលោកនោះមានន័យថា ចំនួនប្រទេសដែលនឹងត្រូវកត់បន្ថែមក្នុងបញ្ជី មានរហូតដល់ ១៣០ប្រទេសទៀត។ ដូច្នេះសហរដ្ឋអាមេរិកនឹងត្រូវធ្វើការណែនាំពលរដ្ឋខ្លួន មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៦០ ដែលស្មើនឹង ៨០% នៃចំនួនប្រទេស-ដែនដីលើភពផែនដី។

គួរបញ្ជាក់ថា ជនជាតិអាមេរិកភាគច្រើនត្រូវបានរារាំង ការធ្វើដំណើរទៅកាន់តំបន់ភាគច្រើននៃទ្វីបអ៊ឺរ៉ុប ដោយសារតែមានការរឹតត្បិត ប្រឆាំងការឆ្លងរាតត្បាតជំងឺ COVID-19៕