(ម៊ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកាហ្សាក់ស្ថានថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់គេ គឺមិនមែនជាដៃគូអាចជឿទុកចិត្តបានទេ ហើយក៏មិនអាចពឹងផ្អែកបាននាពេលអនាគតបានដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

ទាក់ទងនឹងរបាយការណ៍ដែលថា រដ្ឋបាល Biden កំពុងពិចារណាដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី និងការបណ្តេញអ្នកការទូតរុស្ស៊ី លោក Lavrov បាននិយាយថា សហរដ្ឋអាមេរិកមិនទាន់បានប្រកាសពីវិធានការជាក់លាក់នៅឡើយទេ ប៉ុន្តែរុស្ស៊ីនឹងឆ្លើយតបដោយជៀសមិនរួចនូវរាល់ជំហានដែលមិនរាក់ទាក់ណាមួយ។

លោក Lavrov បាននិយាយយ៉ាងដូច្នេះថា ប្រទេសរុស្ស៊ីនឹងឆ្លើយតបនូវរាល់សកម្មភាពអមិត្តដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក ដោយបន្ថែមថាបើទោះបីជាគ្មានអ្វីត្រូវបានប្រកាសនៅពេលនេះក៏ដោយ៕