(បាងកក)៖ និស្សិតមួយចំនួនធំដែលបានបញ្ចប់ការសិក្សា នៅឯសាកលវិទ្យាល័យ ធម្មាសាត (Thammasat) ដ៏ល្បីល្បាញ់របសប្រទេសថៃ មិនបានចូលរួម នៅក្នុងពិធីចែកសញ្ញាបត្រ ដែលព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានយាងជាព្រះរាជាធិបតីដ៏ខ្ពស់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០។

បើតាមការផ្សាយរបស់ទូរទស្សន៍ថៃ PBS និស្សិតចំនួនពាក់កណ្តាល (៥០%) នៃនិស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យធម្មាសាតទាំងអស់ ៩,៦០០នាក់ ត្រូវបានគេជឿជាក់ថា មិនបានចូលរួមពិធីខាងលើនេះឡើយ។ បើតាមទូរទស្សន៍ដដែល ពិធីចែកសញ្ញាបត្ររាល់ឆ្នាំ គឺត្រូវបានចាត់ទុកជាឱកាសដ៏សំខាន់បំផុត ដោយក្រុមនិស្សិតថៃដែលបានបញ្ចប់ការសិក្សា ហើយកាលពីឆ្នាំ២០១៩ កន្លងទៅនេះ និស្សិតតែ ១០% ប៉ុណ្ណោះ ដែលបានខកឱកាសបែបនេះ។

និស្សិតជាច្រើននៃសាកលវិទ្យាល័យ ដ៏ល្បីឈ្មោះរបស់ប្រទេសថៃមួយនេះ ត្រូវបានគេដឹងលឺកន្លងមកនេះថា ជាក្រុមនិស្សិតសកម្ម ដែលបាននិងកំពុងចេញក្បួនតវ៉ា ដើម្បីទម្លាក់លោក ប្រាយុទ្ធ ចាន់អូចា ចេញពីតំណែងនាយករដ្ឋមន្ត្រី, កែរដ្ឋធម្មនុញ្ញឲ្យដូចមុនឆ្នាំ២០១៧ និងធ្វើវិសោធនកម្មធម្មនុញ្ញឡើងវិញ ដើម្បីកាត់បន្ថយអំណាចព្រះមហាក្សត្រ។

អ្វីដែលគួរឲ្យចាប់់អារម្មណ៍បំផុតនោះ គឺនិស្សិតមួយចំនួនថែមទាំងបានច្នៃរូប បុគ្គលល្បីៗមួយចំនួនក្នុងសង្គមថៃ ដែលពួកគេគោរពស្រឡាញ់ ដើម្បីយកមកសម្តែង ធ្វើជាពិធីទទួលសញ្ញាបត្រផងដែរ នៅពេលដែលពួកគេ បដិសេធមិនទៅចូលរួមពិធីផ្លូវការ ដែលមានអង្គព្រះមហាក្សត្រយាងចូលរួមនោះ។ រូបភាពទាំងនោះត្រូវបានបង្ហោះ នៅពាសពេញបណ្តាញសង្គម ជាពិសេស Twitter ដែលជាការបង្ហាញច្បាស់ៗថា ពួកគេមិនពេញចិត្តឡើយ ចំពោះព្រះមហាក្សត្របច្ចុប្បន្ន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ក៏បានព្រមានទុកជាមុនផងដែរ ចំពោះក្រុមបាតុករនិស្សិត មិនឲ្យបង្កបាតុភាពណាមួយ នៅក្នុងពិធីអបអរបញ្ចប់ការសិក្សា និងចែកសញ្ញាបត្រ ដែលមានអង្គព្រះមហាក្សត្រ យាងចូលរួមនោះជាដាច់ខាត។ ព្រះរាជវាំងថៃមិនទាន់បានឆ្លើយតបអ្វីឡើយ នៅពេលអ្នកសារព័ត៌មានសុំការបកស្រាយអំពីរឿងនេះ ហើយដោយឡែកគណៈគ្រប់គ្រង នៃសាកលវិទ្យាធម្មាសាតវិញក៏ដូចគ្នាដែរ៕