(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា សហរដ្ឋអាមេរិកនឹងដកការអនុគ្រោះពន្ធ ចេញពីទំនិញថៃមួយចំនួន ស្ថិតនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ហើយវានឹងត្រូវចូលជាធរមាននៅថ្ងៃទី៣០ ខែធ្នូខាងមុខនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានសរសេរលិខិតមួយ ទៅកាន់សភាអាមេរិក ដោយគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានមើលឃើញថា ប្រទេសថៃមិនបានធានាចំពោះអាមេរិក នៅក្នុងការធ្វើឲ្យទំនិញអាមេរិក ចូលទៅក្នុងទីផ្សាររបស់ថៃដោយសមហេតុផល និងត្រឹមត្រូវនោះឡើយ។ ហេតុដូច្នេះខ្ញុំគិតថា វាជាការសមស្របក្នុងការព្យួរការអនុគ្រោះពន្ធ ស្ថិតក្រោមប្រព័ន្ធ GSP ទៅលើទំនិញមួយចំនួនមកពីប្រទេសថៃ ដោយស្របតាមមាត្រាដែលបានចែង»។

គួរបញ្ជាក់ថា GSP គឺជាប្រព័ន្ធអនុគ្រោះដល់វិស័យពាណិជ្ជកម្ម ធំបំផុតរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើង ក្នុងន័យលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការលើកលែងការយកពន្ធ លើទំនិញប្រមាណជាង ៣,៥០០មុខ មកពីប្រទេស និងដែនដីសរុបជាង ១០០។
រដ្ឋាភិបាលថៃ ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹង មហាបាតុកម្មស្ទើរតែរាល់ថ្ងៃនោះ មិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការប្រកាសដកការអនុគ្រោះពន្ធ ពីសំណាក់លោក ដូណាល់ ត្រាំំ នោះឡើយ។ ដោយឡែក ថាតើទំនិញថៃណាខ្លះ ដែលនឹងត្រូវប្រឈមមុខការដកការអនុគ្រោះពន្ធនោះ ក៏មិនទាន់មានការបញ្ជាក់ដែរ៕