(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាជាន់ខ្ពស់របស់លោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ បានបង្ហើបប្រាប់ថាបេក្ខជនប្រធានាធិបតីអាមេរិក តំណាងឱ្យគណបក្សប្រជាធិបតេយ្យរូបនេះ នឹងពិគ្រោះយោបល់ ជាបន្ទាន់ជាមួយសម្ព័ន្ធមិត្តសំខាន់ៗ របស់សហរដ្ឋអាមេរិក មុនពេលសម្រេចចិត្តពីអនាគតលើពន្ធទំនិញចិន ក្នុងគោលបំណងបង្កើនកម្លាំងរួមដើម្បីពង្រឹងឥទ្ធិពលប្រឆាំងរដ្ឋាភិបាលទីក្រុងប៉េកាំង បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតីនាពេលខាងមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters ៦ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីជំនួយ លោក បៃដិន ០២រូបបានលើកឡើងយ៉ាងដូច្នេះថា៖ «ចំណុចចាប់ផ្តើម យើងនឹងមិន ប្រព្រឹត្តកំហុសឆ្គងដូចលោក ដូណាល់ ត្រាំ ជាដាច់ខាត នៅពេលដែលលោកដំឡើងពន្ធលើទំនិញពីអឺរ៉ុប និងប្រទេសកាណាដា ដែលជាផ្នែកមួយនៃគោលនយោបាយ «តម្កល់ផល ប្រយោជន៍អាមេរិកមុនគេ» បើទោះបីជាប្រឆាំងនឹងសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកក៏ដោយ»

លោក Jeffrey Prescott អតីតមន្ត្រីការបរទេសជាន់ខ្ពស់ក្នុងអាណត្តិលោកអូបាម៉ា បានបញ្ជាក់ថា ភាពបរាជ័យរបស់រដ្ឋបាលលោក ត្រាំ គឺត្រូវតែធ្វើឡើងតែម្នាក់ឯង និងបានផ្តល់ ឱកាសដ៏ល្អសម្រាប់ប្រទេសចិនគេចខ្លួន។ ទីប្រឹក្សារូបនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើប្រសិនបើជាប់ឆ្នោត លោក បៃដិន នឹងលុបចោលពន្ធគយដ៏ច្រើនសម្បើមលើ ប្រទេសចិនដែលលោកត្រាំ បានប្រើដើម្បីបញ្ឆេះសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក នោះឡើយ។

លោក Prescott គ្រាន់តែបង្ហើបប្រាប់ថាលោក បៃដិន នឹងមិនចាត់វិធានភ្លាមៗនោះឡើយ ដរាបណាលោកដឹងច្បាស់ថាតើរដ្ឋាភិបាលថ្មីទទួលបន្ទុកបញ្ហាអ្វីខ្លះ ប៉ុន្តែការពិគ្រោះយោបល់ជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្តគឺជាផ្នែកសំខាន់មួយដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។

គួររំលឹកថា សង្គ្រាមពាណិជ្ជកម្ម គឺជាប្រភពមួយនៃភាពតានតឹងរវាងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដោយក្នុងនោះរួមមានបញ្ហាជំងឺរាតត្បាតសកល COVID-19, ទីក្រុងហុងហុង, ការលួចកម្មសិទ្ធិបញ្ញា, សិទ្ធិមនុស្ស, កោះតៃវ៉ាន់ ព្រមទាំងបញ្ហានូវសមុទ្រចិនខាងត្បូងផងដែរ។ បញ្ហាទាំងអស់នេះហើយបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះ ដល់ចំណុចទាបបំផុតនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ប្រទេសចិនបានក្លាយបញ្ហាស្នូរ នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុង យុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។ ជាក់ស្តែងនៅក្នុងយុទ្ធនាការមួយលោក ត្រាំ បានអះអាងសាជាថ្មីថាលោក បៃដិន នឹងមានទំនោរទន់ភ្លន់ជាមួយប្រទេសចិន។

នៅជុំវិញបញ្ហានេះ លោក បៃដិន បានវាយបកវិញថា លោកនឹងចាត់វិធានការតឹងរ៉ឹងលើប្រទេសចិនជាងលោក ត្រាំទៅទៀត ហើយនឹងមិនខ្លាចការប្រើរបាំងពាណិជ្ជកម្មនោះឡើង ប៉ុន្តែនៅពេលដែលត្រឹមត្រូវតែប៉ុណ្ណោះ។ លោក បៃដិន បានថ្លែងប្រាប់សហជីពដែកថែបកាលពីខែឧសភាកន្លងទៅថា ពន្ធលើដែកថែប និងអាលុយមីញ៉ូម នឹងនៅតែបន្តអូសបន្លាយ រហូតដល់មានដំណោះស្រាយជាសកល ដើម្បីកំណត់ផលិតផលលើសចេញពីប្រទេសចិន តាមកិច្ចចរចាសមស្របណាមួយ។

ដោយឡែកលោក ត្រាំ រួមទាំងជំនួយការរបស់លោក បានលើកឡើងដោយគ្មានភស្តុតាងថា ប្រទេសចិន កំពុងបង់ពន្ធឲ្យអាមេរិកតាមវិធានការតម្លើងពន្ធរបស់លោក។ លោក បានបន្តទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលបានចុះហត្ថលេខាជាមួយប្រទេសចិនកាលពីខែមករា គឺជាជំហានទៅមុខដ៏ធំមួយ ប៉ុន្តែក្រុមអ្នកជំនាញ បានបញ្ជាក់ថា ទីក្រុងប៉េកាំងបានទិញទំនិញអាមេរិកសរុបនៅក្នុងកម្រិតទាបជាងគោលដៅ ដែលបានកំណត់សម្រាប់ឆ្នាំដំបូងនៃកិច្ចព្រមព្រៀងខាងលើ។

យោងតាមទិន្ន័យពាណិជ្ជកម្មពីនាយកដ្ឋានពន្ធគយនិងការពារព្រំដែនអាមេរិកបានបង្ហាញថា ការដំឡើងពន្ធជាបន្តបន្ទាប់ដែលរដ្ឋបាលលោក ត្រាំ ដាក់លើទំនិញចិនមានតម្លៃសរុបចំនួន ៣៧០ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៨ និង ២០១៩ បានធ្វើឲ្យអ្នកនាំចូលអាមេរិកខាតបង់ទឹកប្រាក់ច្រើនជាង ៦០ ពាន់លានដុល្លារឯណោះ។ យ៉ាងណាមិញដោយសារតែភាព រសើបនៃបញ្ហានយោបាយជុំវិញការបន្ធូរបន្ថយសម្ពាធពន្ធលើទំនិញចិន ពីលទ្ធភាពដែលលោក បៃដិន នឹងចាត់វិធានការដើម្បីកាត់បន្ថយពន្ធប្រសិនបើលោកជាប់ឆ្នោត។

គួរជម្រាបថា ទីប្រឹក្សារបស់លោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថាបន្ទាប់ពីឈ្នះឆ្នោតលោក បៃដិន នឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ជាជាងចាត់វិធានការ ជាឯកតោភាគីលើសកម្មភាពពាណិជ្ជកម្មតាមរបៀបដែលលោក ត្រាំបានធ្វើ។ លោក Brian McKeon អតីតទីប្រឹក្សាសេតវិមាន និងជាទីប្រឹក្សាមន្ទីរបញ្ចកោណ នៅក្នុងអាណត្តិលោក អូបាម៉ា បានលើកឡើងថា អាមេរិកមិនអាចដាក់ពន្ធលើទំនិញពីអឺរ៉ុប និងកាណាដាបានឡើយ ប៉ុន្តែជំនួសមកវិញត្រូវធ្វើការជាមួយពួកគេលើបញ្ហាពាណិជ្ជកម្ម។ ទន្ទឹងគ្នានេះដែរ លោក Prescott បានបន្ថែមទៀតថា កិច្ចពិភាក្សាជាបន្ទាន់គឺចាំបាច់ដើម្បីកំណត់ចំណុចដែលយើងអាចប្រើដើម្បីដាក់សម្ពាធលើប្រទេសចិន ប៉ុន្តែសម្ព័ន្ធមិត្តរបស់យើងត្រូវបាន ប្រមាថដោយលោកត្រាំ ដែលបានធ្វើឲ្យឥទ្ធិពលរបស់យើងកាន់តែចុះខ្សោយ៕