(នីស)៖ អាជ្ញាធរបារាំង បានឱ្យដឹងថាមនុស្ស០៣នាក់ត្រូវបានស្លាប់ ក្នុងនោះរួមមានទាំងស្ត្រីម្នាក់ដែលត្រូវបានគេសម្លាប់ដោយកាត់ក្បាល បន្ទាប់ពីមានការវាយប្រហារដោយកាំបិត នៅឯព្រះវិហារគ្រឹស្ដមួយ ក្នុងទីក្រុងនីស (Nice) ភាគខាងត្បូងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Independent នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។

ក្រៅពីមនុស្សស្លាប់ខាងលើ មានមនុស្សជាច្រើនទៀត បានរងរបួស ខណៈអាជ្ញាធរក្នុងទីក្រុង Nice នៃប្រទេសបារាំងបាននិយាយថា វាមើលដូចទៅជាឧប្បត្តិហេតុភេរវកម្ម។ ជុំវិញ បញ្ហាខាងលើនេះ នាយកដ្ឋានរដ្ឋអាជ្ញាប្រឆាំងភេរវកម្មបារាំង ក៏បាននិយាយថា ខ្លួនត្រូវបានស្នើសុំឱ្យធ្វើការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់លើការវាយប្រហារនេះក្រោយជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន។

លើសពីនេះទៅទៀត អភិបាលក្រុង Nice លោក Christian Estrosi បានគូសបញ្ជាក់ថា ការវាយប្រហារនេះ បានកើតឡើងនៅខាងក្នុងព្រះវិហារ Notre-Dame នៅឯកណ្តាលទីក្រុង Nice ប្រទេសបារាំងនៅថ្ងៃព្រហស្បតិ៍នេះ ដែលវាបានកើតឡើងប្រហែល ២សប្ដាហ៍ បន្ទាប់ពីគ្រូជនជាតិបារាំងម្នាក់ត្រូវបានគេសម្លាប់ដោយកាត់ក្បាលនៅខាងក្រៅសាលារៀន របស់គាត់ នៅឯជាយក្រុងប៉ារីស ដោយសារគាត់បានបង្ហាញពីគំនូរជីវចលព្យាការីមហាំម៉ាត់ ហើយជនរងគ្រោះម្នាក់ ក៏ត្រូវបានគេសម្លាប់ដោយកាត់ក្បាល នៅក្នុងការវាយប្រហារនេះផងដែរ។

គួរជម្រាបថា បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin នៅថ្ងៃព្រហស្បតិ៍នេះ ប្រតិបត្តិការរបស់ប៉ូលិសកំពុងតែដំណើរការនៅក្នុងទីក្រុង Nice ហើយប្រជាជនក៏ត្រូវបានជម្រុញឱ្យជម្លាសចេញពីតំបន់នោះផងដែរ៕