(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានជម្លៀសមនុស្សជិត១,៨០០នាក់ ហើយផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រ ខណៈដែលព្យុះត្រូពិច «ម៉ូឡាវ (Molave) ត្រូវគេរំពឹងថានឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់ចំនួន២នៃប៉ែកខាងត្បូងកោះធំរបស់ប្រទេសហ្វីលីពីនគឺ លូហ្សុន (Luzon) នាថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០។

អាជ្ញាធរបានប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នសម្រាប់ខេត្តមួយចំនួន នៅតំបន់ប៊ីខុល (Bicol) និងខាឡាបាហ្សុន (Calabarzon) ដោយព្យុះម៉ូឡាវអាចនឹងបង្កឲ្យមានគ្រោះបំណាក់ដីជាដើម នៅថ្ងៃអាទិត្យនេះ នៅពេលវាធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងកោះ Luzon។ ក្រោយពី ឆ្លងកាត់ហ្វីលីពីន ព្យុះម៉ូឡាវត្រូវគេរំពឹងថា នឹងបន្តកើនឡើងឥទ្ធិពលនៅសមុទ្រចិនខាងត្បូង ហើយវិវត្តទៅជាប្រភេទព្យុះទីហ្វុងតែម្តងនៅ ល្ងាចថ្ងៃអង្គារ ទី២៧ ខែតុលា។

នៅតាមបណ្តាខេត្តក្នុងតំបន់ប៊ីខុល ប្រជាជនសរុប៥៣២គ្រួសារ ឬស្មើនឹង១,៧៨៩នាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់ជម្រកសុវត្ថិភាព ខណៈ ការធ្វើដំណើរនានាតាមផ្លូវសមុទ្រ ត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅតំបន់ខាឡាបាហ្សុន ដោយមនុស្ស៦៦២នាក់ ត្រូវគេរាយការណ៍ថា ត្រូវជាប់នៅតាមកំពង់ផែ ដោយសារខ្យល់បក់ខ្លាំងក្លាពេក។

គួរជម្រាបថា កាលពីសប្តាហ៍មុន ព្យុះត្រូពិចឈ្មោះ Saudel ទើបតែបានបង្កឲ្យមានគ្រោះទឹកជំនន់ នៅខេត្ត Quezon ក្នុងតំបន់ខាឡាបាហ្សុន ភាគអាគ្នេយ៍រដ្ឋធានីម៉ានីល៕