(បាងកក)៖ រដ្ឋាភិបាលថៃ និងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ហាក់ដូចជាមិនអាចដោះស្រាយពីភាពខ្វែងគំនិតគ្នា នៅឡើយទេនៅថ្ងៃសៅរ៍នេះ ខណៈពេលវេលាដែលក្រុមបាតុករ កំណត់ឲ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងនឹងចូលមកដល់នៅល្ងាចនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។

ការិយាល័យរបស់លោក ប្រាយុទ្ធ បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញពីការប្តេជ្ញារបស់លោក ក្នុងការដោះស្រាយបញ្ហាខ្វែងគំនិតគ្នា តាមរយៈសភាជាតិ ដែលនឹងពិភាក្សាអំពីស្ថានភាពនយោបាយ នៅក្នុងសម័យប្រជុំពិសេសមួយ ដែលចាប់ផ្តើមកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា ទោះបីជាស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន ប្រឈមនឹងបញ្ហាជាច្រើនក៏ដោយ យើងគួរតែចាត់ទុកវាជាឱកាសនមួយសម្រាប់ប្រជាជនថៃ ដើម្បីពិគ្រោះគ្នាអំពីអ្វីដែលល្អសម្រាប់ប្រទេសជាតិទាំងមូល។

គួរជម្រាបថា កាលពីសប្តាហ៍មុនលោក ប្រាយុទ្ធ បានចេញសេចក្តីអំពាវនាវមួយ ដើម្បីអនុញ្ញាតឲ្យសភាស្វែងរកដំណោះស្រាយ នៅក្នុងវិបត្តិនយោបាយលើកនេះ ហើយលោកក៏បានប្រកាសលុបចោល បទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលលោកបានប្រកាសដាក់កាលពីមួយសប្តាហ៍មុនផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក អនុឆា ភូរ៉ាផាត់ឆែស្រ៊ី (Anucha Burapachaisri) នៅថ្ងៃសៅរ៍នេះបានបញ្ជាក់ថា ប្រសិនបើភាគីទាំងអស់មានភាពអត់ធ្មត់ និងការបត់បែន វានឹងអាចកាត់បន្ថយភាពតានតឹង ដែលអាចឈានដល់លទ្ធផលមួយ ដែលភាគីពាក់ព័ន្ធទាំងអស់អាចទទួលយកបាន៕