(ញូយ៉ក)៖ ក្រុមហ៊ុនជីវៈបច្ចេកវិទ្យាជាតិចិន (China National Biotec Group ឬ CNBG) ដែលជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនរដ្ឋចិន សាយណូផាម (Sinopharm Group) បានផ្ដល់ការចាក់វ៉ាក់សាំង COVID-19 ទាំង ០២របស់ខ្លួន ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្ដនៅឡើយ ដោយឥតគិតថ្លៃដល់និស្សិតចិនចេញទៅសិក្សាបន្តនៅក្រៅប្រទេស។ នេះបើតាមការដកស្រង់ព័ត៌មាន ចេញពីកាសែតអាមេរិក Wall Street Journal នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។

កាសែតអាមេរិកផ្អែកលើគេហទំព័ររបស់ក្រុមហ៊ុន CNBG និងនិស្សិតចិនមួយចំនួន ដែលទទួលបានការចាក់វ៉ាក់សាំងរួចមកហើយ បានឱ្យដឹងទៀតថា ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនទំនុកចិត្តពីប្រជាជនចិន ចំពោះវ៉ាក់សាំងផលិតនៅក្នុងស្រុក។ បើតាមគេហទំព័ររបស់ក្រុមហ៊ុន CNBG កាលពីថ្ងៃចន្ទកន្លងទៅ មនុស្សសរុបជាង ៤៨១,៦០០នាក់ហើយ បានទទួលការចាក់វ៉ាក់សាំង COVID-19 ខណៈ៩៣,៦៥៣នាក់បន្ថែមទៀត បានដាក់ពាក្យស្នើសុំចាក់វ៉ាក់សាំងនេះដែរ។ ទោះជាយ៉ាងណា គេហទំព័រនេះត្រូវបានបិទនៅថ្ងៃអង្គារ ហើយ Wall Street Journal អះអាងថា កំពុងស្ថិតនៅក្រោមការជួសជុស រីឯក្រុមហ៊ុន CNBG មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ។

ប្រទេសចិនត្រូវបានគេរាយការណ៍ថា បានចាក់វ៉ាក់សាំងដែលកំពុងស្ថិតនៅក្រោមការធ្វើតេស្ដនៅឡើយ ក្រោមកម្មវិធីបន្ទាន់ចាប់តាំងពីខែកក្កដា មកម្ល៉េះ ដោយទទួលបានការអនុញ្ញាតពិសេសពី អង្គការសុខភាពពិភពលោក (WHO)។ ក្នុងចំណោមវ៉ាក់សាំងទាំងនោះ មានវ៉ាក់សាំងពីរត្រូវបានអភិវឌ្ឍឡើង ដោយក្រុមហ៊ុន Sinopharm, មួយដោយក្រុមហ៊ុនចិនចុះបញ្ជីក្នុងសហរដ្ឋអាមេរិក សាយណូវ៉ាក់ (Sinovac Biotech) និងមួយទៀតអភិវឌ្ឍដោយក្រុមហ៊ុន ខេនសាយណូ (CanSino Biologics)៕