(បាងកក)៖ ប៉ូលិសបង្រ្កាបកុប្បកម្មថៃបានសម្រេចចិត្តប្រើកម្លាំងបាយ ដើម្បីបំបែកហ្វូងបាតុកររាប់ពាន់នាក់ ចេញពីបរិវេណខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងបាងកកបានប្រកាសភាពអាសន្ន ដោយហាមឃាត់ការប្រមូលផ្ដុំ រួមទាំងការផ្សព្វផ្សាយព័ត៌មាន ដែលបង្កឱ្យមានការភ័យខ្លាច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។

បាតុកម្មតវ៉ានៅក្នុងប្រទេសថៃ បានអូសបន្លាយពេលជាង ៣ខែមកហើយ ដោយក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ខណៈក្រុមបាតុករខ្លះទៀតថែមទាំងហ៊ានធ្វើការទាមទារ ឱ្យមានការធ្វើកំណែទម្រង់របបរាជានិយមដែលពួកគេចាត់ទុកថា បានផ្ដល់សិទ្ធិអំណាចហួសហេតុដល់អង្គព្រះមហាក្សត្រទៀតផង។

ការសម្រេចចិត្តប្រើកម្លាំងបាយបំបែកហ្វូងបាតុករខាងលើនេះ បានកើតមានឡើងភ្លាមៗបន្ទាប់ពី បទបញ្ជាបន្ទាន់មួយរបស់រដ្ឋាភិបាលចូលជាធរមាននៅម៉ោង ៤៖០០នាទីទាបភ្លឺថ្ងៃព្រហស្បតិ៍នេះ ដោយក្រុមបាតុករខ្លះបានធ្វើការរុញច្រាន និងប្រតាយប្រតប់ជាមួយកងកម្លាំងប៉ូលិស។ ទោះជាយ៉ាងណា នៅទីបំផុតពួកគេត្រូវបានប៉ូលិសបណ្ដេញចេញពីបរិវេណខាងក្រៅ ការិយាល័យនាយករដ្ឋមន្ត្រី ខណៈប៉ូលិសរាប់រយនាក់បាននិងកំពុងគ្រប់គ្រងផ្លូវជាច្រើន ហើយកម្មករអនាម័យបានចាប់ផ្ដើមបោសសំអាតនៅទីនោះ។

គួរបញ្ជាក់ថា បើតាមក្រុមបាតុករ មេដឹកនាំក្រុមបាតុករយ៉ាងហោច ០៣រូប ត្រូវបានចាប់ខ្លួន តែខាងរដ្ឋាភិបាលថៃមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ ការប្រកាសភាពអាសន្នខាងលើ មានគោលដៅហាមឃាត់ការប្រមូលផ្ដុំចាប់ពីមនុស្ស ០៥នាក់ឡើងទៅ រីឯព័ត៌មានទាំងឡាយណា ដែលអាចបង្កឱ្យមានការភ័យខ្លាច ឬបំផ្លាញសន្តិសុខជាតិ ក៏ត្រូវបានហាមឃាត់ផងដែរ៕